ព័ត៌មានជាតិ

ស្រវឹងស្រាវង្វេង២ថ្ងៃ មិនដឹងទុកម៉ូតូចោលកន្លែងណា ក្រុមគ្រួសារជូនដើរសួរ តាមប៉ុស្ត៍ប៉ូលិស

ភ្នំពេញៈ បុរសជាមេជាងសំណង់ម្នាក់ ក្រោយពីបើកលុយការងារបានហើយ នាំគ្នាទៅផឹកស៊ី ច្រៀងខារ៉ាអូខេ ជាលក្ខណៈទាំងប្រពន្ធ កូន បងប្អូន ម្តាយក្មេក មិនទាន់អស់ចិត្ត ប្រពន្ធកូន ម៉ែក្មេក វិលត្រឡប់មកផ្ទះមុន ខ្លួនចង់សប្បាយបន្ត ជាមួយមិត្តភក្ដិ បង្ហួសទៅផឹកស៊ី ចៀងលេងបន្តនៅហាងមួយទៀត ដល់វេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ នៅម្តុំផ្លូវកម្ពុជាក្រោម ខណ្ឌទួលគោក ទើបចែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន។

ដោយអំណាចនៃជាតិស្រវឹង ដឹងខ្លួនត្រឹមជិះម៉ូតូស្តុបណូគា បាត់បង់ម្ចាស់ការ មិនដឹងថា ខ្លួនទៅដល់ណា ចោលម៉ូតូនៅកន្លែងណា ម៉ោង២រំលងអធ្រាត្រ ដល់ផ្ទះវិញ អត់ទាំងពាក់អាវ កប់យោបល់លែងនិយាយ សន្លប់មិនដឹងអី រហូតដល់ព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ស្វាងដឹងខ្លួន ទើបភ្លាក់ខ្លួន បាត់ម៉ូតូ មិនដឹងថា ទុកចោលកន្លែងណា ក្រុមគ្រួសារ ជូនដើរសាកសួរ តាមប៉ុស្តិ៍ប៉ូលិស។

បុរសខាងលើ ឈ្មោះ សែម ថេង អាយុ៣០ឆ្នាំ មុខរបរ មេជាងសំណង់ ស្នាក់នៅ ផ្ទះជួល ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត
ភូមិស្នួល ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ។ ចំណែកដែលម៉ូតូ អត់ដឹងថាបាត់ ឬទុកចោលកន្លែងណានោះ ម៉ាក ហុងដា សេ១២៥ ស៊េរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1O-8652 ។

តាមសម្តីបុរសខាងលើ បានឲ្យដឹងថា កាលពីព្រលប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ នាំគ្នាជាក្រុមគ្រួសារ មានទាំងម៉ែក្មេក ទៅផឹកស៊ី ច្រៀងកម្សាន្តលេង នៅហាងមួយម្តុំពោធិចិនតុង រហូតដល់ម៉ោង៩យប់ ប្រពន្ធកូន ម្តាយក្មេក ឡើងជិះម៉ូតូកង់បី វិលត្រឡប់មកផ្ទះមុន ខ្លួនសប្បាយមិនទាន់អស់ចិត្ត លុយនៅពេញហោប៉ាវនៅឡើយ រួមជាមួយមិត្តភក្ដិ ជិះម៉ូតូទៅបន្តផឹកស៊ី ច្រៀងលេងនៅផ្លូវកម្ពុជាក្រោម ខណ្ឌទួលគោក រហូតដល់វេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃដដែល ទើបចែកផ្លូវទៅផ្ទះរៀងៗខ្លួន ចំណែកខ្លួន ស្រវឹងហើយ ជិះម៉ូតូម្នាក់ឯង ដឹងខ្លួនត្រឹមដល់ស្តុបណូគា ហើយមិនដឹងថា ទៅណាទៀត ម៉ូតូ ទុកកន្លែងណា អត់ដឹង ពោលវង្វេងបាត់ម្ចាស់ការ លុះពេលដឹងខ្លួន ដើរថ្មើរជើងដល់ផ្ទះជួល ភូមិព្រៃទា អត់មានទាំងពាក់អាវទៅវិញ ស្លប់បាត់ហើយ ដេកសិន អស់២ថ្ងៃ រហូតដល់ព្រឹកថ្ងៃទី១៥ ខែឧសភា នេះដឹងស្វាងស្រួលខ្លួន ទើបភ្ញាក់អុញ ឯណាទៅម៉ូតូខ្ញុំ ? រកនឹកមិនឃើញ ត្រូវបានក្រុមគ្រួសារ នាំដើរ សាកសួរតាមប៉ុស្តិ៍ប៉ូលិស ។

វត្តមានក្រុមគ្រួសារខាងលើ នៅប៉ុស្តិ៍ប៉ុស្តិ៍ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ទាំងអារម្មណ៍ហួសចិត្ត ផឹកដល់ថ្នាក់ស្រវឹង មិនដឹងជិះម៉ូតូទៅចោលឯណា៕

មតិយោបល់