ព័ត៌មានជាតិ

ម៉ូតូបុកម៉ូតូខ្ទាតចូលក្រោមកង់រថយន្តកិនខ្ទេចមួយកំណាត់ របួសធ្ងន់ស្រាល នៅខេត្តតាកែវ

តាកែវៈ នៅវេលាម៉ោង ៨និង៥នាទីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៣៩-៤០ ត្រង់ចំណុចផ្សារគុម្ពឫស្សី ឃុំតាំងដូង ស្រុកបាទី ខេតតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូនិងរថយន្ត ក្នុងទិសដៅបញ្រ្ចាសគ្នាពីជើងត្បូង។

ម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1Q-5416 ធ្វើដំណើរពីជើង បើកបរដោយឈ្មោះ សៀប ហ្វ្រេនឌី ភេទប្រុស អាយុ ២១ឆ្នាំ(របួសស្រាល) មានទីលំនៅភូមិពន្លៃ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ រួមដំណើរជាមួយឈ្មោះ នួន ស្រីរ័ត្ន ភេទស្រី អាយុ ២៣ឆ្នាំ(របួសធ្ងន់) រស់នៅភូមិរំពាក់ពែន ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។ បានវ៉ាជែងទៅបុកម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FU-6261 ធ្វើដំណើរពីត្បូង អ្នកបើកបរមានឈ្មោះ សម្បត្តិ រុន ភេទប្រុស អាយុ ២១ឆ្នាំ ទីលំនៅភូមិសន្ទុក ឃុំសន្ទុក ស្រុកសន្ទុក ខេត្តកំពង់ធំ(របួសធ្ងន់)។

បន្ទាប់មកក៏មានរថយន្តម៉ាក ហ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-7917 បំពាក់រ៉ឺម៉កពីក្រោយពាក់ស្លាកលេខ ព្រះសីហនុ 4A-2148 បើកមកពីទិសខាងជើង បើកបរដោយឈ្មោះ ពោង ឈុំមករា អាយុ ៣០ឆ្នាំរស់នៅភូមិកប់អំពិល សង្កាត់ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពេលនោះម៉ូតូពាក់ស្លាកលេខ តាកែវ 1Q-5416 ដួលខ្ទាតទៅចូលក្រោមរថយន្តកិនកន្ទុយម៉ូតូនោះតែម្ដង។

មូលហេតុ៖ ម៉ូតូពាក់ស្លាកលេខ តាកែវ 1Q-5416 វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធីច្បាប់ ចំណែកអ្នករងរបួសត្រូវរថយន្តសាមុយដឹក ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់