ព័ត៌មានជាតិ

ការរីកចម្រើននៃវិស័យទេសចរណ៍ អាស្រ័យដោយ កត្តាសន្តិសុខ សុវត្ថិភាព និងស្ថិរភាពនយោបាយ

ភ្នំពេញៈ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជាជាដើម ការរីកចម្រើននៃវិស័យទេសចរណ៍ បានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សអំពីសារៈសំខាន់នៃកត្តាសន្តិសុខ សុវត្ថិភាព ស្ថិរភាពនយោបាយ និងជាមូលដ្ឋានសម្រាប់ធានាចិរភាព កំណើននៃវិស័យទេសចរណ៍។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍មានប្រសាសន៍នៅសន្និបាតបូកសរុបលទ្ធផលការងារទេសចរណ៍ឆ្នាំ២០១៥ ឆមាសទី១ ឆ្នាំ២០១៦ និងទិសដៅអនុវត្តឆមាសទី២ ឆ្នាំ២០១៦ និងឆ្នាំ២០១៧ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ នេះថា “ជាការពិត ការដឹកនាំត្រឹមត្រូវ ឈ្លាសវៃប្រកបដោយគិតបណ្ឌិតរបស់មេដឹកនាំប្រទេស បានធ្វើឲ្យវិស័យទេសចរណ៍កម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ និងទទួលបានសមិទ្ធផលធំៗជាច្រើន។

លោករដ្ឋមន្រ្តីថ្លែងបន្តថា វិស័យទេសចរណ៍ត្រូវបានចាត់ទុកជាវិស័យអាទិភាពដ៏សំខាន់មួយក្នុងការកសាងសេដ្ឋកិច្ចសង្គម ដោយបាននាំមកនូវចំណូលជូនជាតិ ផ្តល់ឱកាសការងារ និងចូលរួមដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ពិសេសចូលរួមជំរុញនូវការអភិវឌ្ឍវិស័យគាំពារជាច្រើនទៀតដែលបម្រើឲ្យវិស័យទេសចរណ៍។ ក្រៅពីចំណាយផ្ទាល់របស់ភ្ញៀវទេសចរ ប្រភពចំណូលជាតិផ្សេងទៀតរបស់វិស័យនេះមានជាចំបងដូចជា ចំណូលពន្ធរបស់សេវាកម្មឧស្សាហកម្មទេសចរណ៍ ពន្ធប្រមូលពីសណ្ឋាគារ ភោជនីយដ្ឋាន និងសេវាកម្សាន្តទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ និងក្រុមហ៊ុនដឹកជញ្ជូនទេសចរណ៍ជាដើម។

លោកបានបញ្ជាក់ផងដែរថា ដោយសារវិស័យទេសចរណ៍មានលក្ខណៈជាប្រព័ន្ធ ចំណូលបានពីវិស័យនេះ មិនត្រឹមតែធ្វើឲ្យរីកចម្រើនវិស័យសេវាកម្មប៉ុណ្ណោះទេ តែថែមទាំងជួយដល់កំណើននៅក្នុងវិស័យសំខាន់ៗពីរទៀត គឺ កសិកម្ម និងឧស្សាហកម្ម តាមរយៈឥទ្ធិពលមេគុណ (Multiplier Effects) របស់វា ពោលគឺ នៅពេលទេសចរចាយវាយនៅក្នុងសេវាកម្មទេសចរណ៍ ចំណូលទាំងនេះនឹងត្រូវផ្តល់ប្រាក់ខែដល់បុគ្គលិកបម្រើការងារនៅក្នុងវិស័យ បន្ទាប់មកគេយកទៅចំណាយលើការទិញចំណីអាហារ និងទំនិញផ្សេងៗ ដែលផ្តល់ជាចំណូលដល់អាជីវករ កសិករជាអ្នកដាំដុះបន្លែបង្កា រួចសាច់ប្រាក់មួយភាគក៏នឹងទៅដល់អ្នកលក់ជី និងគ្រាប់ពូជថែមទៀតផង។

នេះជាចរន្តនៃលំហូរសាច់ប្រាក់នៅក្នុងប្រព័ន្ធសេដ្ឋកិច្ចដែលនឹងជម្រុញឱ្យមានកំណើនជាទូទៅនៅកម្រិតម៉ាក្រូសេដ្ឋកិច្ចតែម្តង។ លើសពីនេះទៀត ការរីកលូតលាស់នៃវិស័យទេសចរណ៍នឹងនាំមកនូវកាល្លានុវត្តភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ គំរូថ្មីនៃការអភិវឌ្ឍ និងការអភិរក្ស ការគិតគូរពីនិរន្តរភាពបរិស្ថាន ភាពស្អាត និងភាពបៃតង ការកសាងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ចាំបាច់នានាបំរើដល់សេចក្តីត្រូវការរបស់ភ្ញៀវទេសចរជាដើម។ល។

គួរបញ្ជាក់ថា ហេតុផលទាំងអស់នេះ ជួយជំរុញឲ្យមូលដ្ឋានទ្រទ្រង់សេដ្ឋកិច្ចកម្ពុជាកាន់តែមានភាពរស់រវើក កាន់តែមានឧត្តមភាពសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ការទទួលខុសត្រូវ និងបរិយាប័ន្តធានាដល់ការបែងចែកផ្លែផ្កានៃកំណើនប្រកបដោយសមធម៌។ ជារួមចំណូលទេសចរណ៍ពិតជាមានសារៈសំខាន់ និងជាកាតាលីករចំបងសំរាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា៕

មតិយោបល់