ភ្នំពេញៈ កាលពីវេលាម៉ោង ១១និង៤០នាទីយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ២គ្រឿង ស្ថិតតាមបណ្ដោយផ្លូវកម្ពុជាក្រោមកែង និងផ្លូវ២៥៧ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូចំនួនពីរគ្រឿង ដោយមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IQ-4683 ជិះដោយបុរសម្នាក់ និងមួយគ្រឿងទៀតម៉ាក ស៊ុយស័រគីនិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1HA-4142 ដែលជិះដោយបុរសម្នាក់។ ហើយម៉ូតូទាំងពីរគ្រឿងនោះ បានជិះធ្វើដំណើរទន្ទឹមគ្នាតាមបណ្ដោយផ្លូវកម្ពុជា ពីកើតទៅលិចនិងក្នុងល្បឿនយ៉ាងលឿន ស្របពេលនោះដែលក៏មានរថយន្តមួយគ្រឿងម៉ាក ហាយលែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AO-5639 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង តាមបណ្ដោយផ្លូវ២៥៧ ទិសដៅពីជើងទៅត្បូង និងក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចកើតហេតុដែលជាផ្លូវបំបែករថយន្ត ក៏បានបុកជាមួយម៉ូតូទាំងពីរគ្រឿងនោះពេញទំហឹង បណ្ដាលឲ្យម៉ូតូទាំងពីរគ្រឿងរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ រីឯម្ចាស់ម៉ូតូទាំងពីររងរបួសធ្ងន់ធ្ងរ។ ចំណែកឯរថយន្តមិនបានឈប់ចុះមកធ្វើការដោះស្រាយនោះទេ បែរជាបន្ថែមល្បឿនបើកគេចខ្លួនចេញពីកន្លែងកើតហេតុ ទាំងរងការខូចខាតបាក់ក្រឡេកង់ និងក្រពឹតផ្នែកខាងមុខចំហៀងខាងឆ្វេង។ តែក៏ត្រូវបានប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បានជួយជិះដេញតាម និងស្ទាក់ចាប់បាននៅក្បែរផ្សារសំណង់១២ តាមបណ្ដោយផ្លូវ២៦៥ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក បន្ទាប់មកក៏មានសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការអន្តរាគមន៍ភ្លាមៗតែម្ដង។
ក្រោយពេលកើតហេតុជនរងគ្រោះទាំងពីរនាក់ ត្រូវបានរថយន្តរបស់គ្លីនិកឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកឯរថយន្ត និងម៉ូតូទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែងយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយជាបន្តទៀត៕
មតិយោបល់