ព័ត៌មានជាតិ

យុវជនម្នាក់ ទៅបរបាញ់សត្វក្នុងព្រៃ រាលកៃកាំភ្លើងច្នៃ ត្រូវចំខ្លួនឯង រងរបួសធ្ងន់

រតនគិរីៈ យុវជនម្នាក់ភ្លាត់ស្នៀត រាលកៃកាំភ្លើងខ្យល់កែច្នៃ ត្រូវចំខ្លួនឯង បណ្ដាលឲ្យរបួសធ្ងន់ កាលពីវេលាម៉ោង ៤និង១០នាទីល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចព្រៃការពារមួយកន្លែង ស្ថិតនៅភូមិតាឡាវ ឃុំតាឡាវ ស្រុកអណ្តូងមាស។

មន្ត្រីនគរបាលស្រុកអណ្តូងមាស បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ថល់ វុយ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិឡាវ បានរងរបួសធ្ងន់ធ្ងរ។

មន្ត្រីនគរបាល បានបន្តថា មុនពេលកើតហេតុ នៅវេលាលាម៉ោង ១២និង ៣៥នាទីថ្ងៃត្រង់ថ្ងៃដដែល ឈ្មោះ ថល់ វុយ និងបងប្អូននាំគ្នា ដើរព្រៃទៅ បរបាញ់សត្វស្វា ខណៈពេលបាញ់សត្វស្វា បានធ្លាក់ហើយក៏រត់ទៅចាប់យក ស្រាប់តែកាំភ្លើងខ្យល់ ទាក់នឹងមែកឈើមួយ ក៏ផ្ទុះត្រូវចំពោះខ្លួនឯង
រងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះត្រួតពិនិត្យជនរងគ្រោះ ឃើញថាពិតជារាលកៃកាំភ្លើងកែច្នៃ ត្រូវចំខ្លួនឯងប្រាកដមែន។

ជនរងគ្រោះ ត្រូវបានអាណាព្យាបាលដឹកយកទៅព្យាបាល នៅមណ្ឌលសុខភាពស្រុកអណ្តូងមាស ដើម្បីជួយសង្គ្រោះអាយុជីវិត៕

មតិយោបល់