ព័ត៌មានជាតិ

មន្ត្រីសាខាកាំកុងត្រូល បានចុះត្រួតពិនិត្យផលិតផលទំនិញ នៅផ្សារតាពៅ ក្រុងបាវិត

ស្វាយរៀងៈ យោងតាមផេករបស់អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង ដោយមានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានបន្តចុះត្រួតពិនិត្យផលិតផលទំនិញ នៅផ្សារតាពៅ ក្រុងបាវិត ខេត្តស្វាយរៀង។ ក្នុងគោលបំណងស្រាវជ្រាវ ទប់ស្កាត់ការចរាចរទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានប្រើប្រាស់ឧបករណ៍ Test Kits ធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារចំនួន ១៤ គំរូរួមមាន៖ បន្លែ ផ្លែឈើ ជ្រក់ ប្រហិត បង្អែម សរសៃគុយទាវ មឺក បង្គា ដើម្បីរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

ជាលទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីជំនាញពុំបានរកឃើញភាពមិនប្រក្រតីនៅលើគំរូទាំងនោះឡើយ។ឆ្លៀតក្នុងឱកាសនោះ មន្រ្តីសាខាកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករ ឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

 

មតិយោបល់