ព័ត៌មានជាតិ

អតីតអ្នកការទូតជប៉ុន ៖ សេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើនយ៉ាងលឿន

ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស បានជួបសវនាការជាមួយ លោក យូកូអីម៉ា ហ្គាវ៉ា អតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ហើយក៏ជាតួអង្គសំខាន់ក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស២៣ តុលាស្តីពីសន្តិភាពនៅកម្ពុជា នៅទីស្តីការក្រសួងការបរទេសកាលពីរសៀលថ្ងៃទី២០ ខែតុលា ម្សិលមិញ។

បន្ទាប់ពីចប់ជំនួបសវនាការលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រ សួងការបរទេស បានមានប្រសាសន៍ឲ្យដឹងក្រោយពីបញ្ចប់ជំនួបថា នៅក្នុងជំនួបនោះដែរលោកទេសរដ្ឋមន្ត្រីបានស្វាគមន៍លោក អីម៉ា ហ្គាវ៉ា ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយបានចូលរួមប្រារព្ធខួប២៥ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា។ លោកទេសរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់សន្ទរកថា របស់លោក អីម៉ា ហ្គាវ៉ា ដែលបានថ្លែងនៅក្នុងឱកាសប្រារព្ធខួបទី២៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលបានធ្វើឡើងនៅទីស្តីការ ក្រសួងការបរទេសកម្ពុជា។

លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានរំលឹកឡើងវិញចំពោះការខិតខំប្រឹងប្រែងរបស់លោក អីម៉ា ហ្គាវ៉ា នៅពេលដែលលោកបំពេញតួនាទីជាឯកអគ្គរាជទូតជប៉ុនលើកទី១ ប្រចាំនៅកម្ពុជា ហើយរដ្ឋាភិបាលជប៉ុនបានចូលរួមយ៉ាងសកម្មក្នុងវិភាគទាននៃដំណើរការស្វែងរកសន្តិ ភាពនៅកម្ពុជា និងក្នុងដំណើរការកសាងអភិវឌ្ឍន៍ប្រទេសកម្ពុជាឡើងវិញ បន្ទាប់ពីបញ្ចប់សង្គ្រាមស៊ីវិល។

លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ និងការពេញចិត្តចំពោះការរីកចម្រើនល្អនៃទំនាក់ទំនង មិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ហើយជប៉ុនបានផ្តល់ជំនួយអភិវឌ្ឍន៍លើគ្រប់វិស័យ មានការរីកចម្រើនផ្នែកសេដ្ឋកិច្ច។ ការចាប់ផ្តើមនាពេលថ្មីៗនេះនៃជើងហោះហើរត្រង់តូក្យូ-ភ្នំពេញ ជួយជំរុញឥ្យអ្នកទេសចរណ៍ជប៉ុនមកទស្សនាកម្ពុជា មានចំនួនកើនឡើង និងមានការកើនឡើងលើផ្នែកវិនិយោគទុនជប៉ុន មកកម្ពុជានៅក្នុងរយៈពេល៦ខែ ឆ្នាំ២០១៦ មានទំហំទឹកប្រាក់ជាង ២៥០លានដុល្លាអាមេរិកដែលក្នុងនោះការវិនិយោគទីផ្សារទំនើបអីអននិងការបើកមន្ទីរពេទ្យជប៉ុននៅកម្ពុជា។

នៅក្នុងជំនួបនោះដែរ លោក អីម៉ា ហ្គាវ៉ា បានមានប្រសាសន៍បញ្ជាក់ថា ប្រទេសកម្ពុជាមានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យជាមួយគ្នានោះដែរកម្ពុជា-ជប៉ុន មានទំនាក់ទំនងមិត្តភាព និងមានកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យហើយបានចាត់ទុកម្ពុជា គឺជាប្រទេសកំណើតទី២របស់លោកផងដែរ។

ជាមួយគ្នានោះដែរលោក អីម៉ា ហ្គាវ៉ា បានបញ្ជាក់ថា ការបង្កើតជើងហោះហើរត្រង់តូក្យូ ភ្នំពេញ នៅពេលនេះ គឺជួយជំរុញអ្នកទេសចរណ៍និងអ្នកវិនិយោគជប៉ុនមកទស្សនានិងមកវិនិយោគទុននៅកម្ពុជាកាន់តែមានចំនួនច្រើបន្ថែមទៀត។ ហើយលោក អីម៉ា ហ្គាវ៉ា សប្បាយចិត្តនៅចំនួននិស្សិតកម្ពុជា ដែលទៅសិក្សានៅជប៉ុនមានចំនួនច្រើនក៏ដូចជាការកើនឡើងអ្នក បច្ចេក ទេសកម្ពុជាទៅសិក្សា ឬហ្វឹកហាត់ការងារនៅជប៉ុននាពេលបច្ចុប្បន្ននេះ៕

photo_2016-10-21_11-34-02photo_2016-10-21_11-33-55photo_2016-10-21_11-33-59-2photo_2016-10-21_11-33-59photo_2016-10-21_11-34-01

មតិយោបល់