ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងបុកគ្នា លាន់ឮដូចរន្ទះ ស្លាប់ និងរបួស ២នាក់

កណ្ដាល: កាលពីវេលាម៉ោង ៩និង០០នាទីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅលើផ្លូវបេតុង7NG ស្ថិតក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូពីរគ្រឿងបុកគ្នា បណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់ ២នាក់។

ម៉ូតូបង្កម៉ាក ហុងដាឌ្រីម ធុនC១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1AC-9080 បើកបរដោយឈ្មោះ ប៉ាត សាន់ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (ស្លាប់នៅកន្លែងកើតហេតុ) ។
ចំណែកភាគីម៉ូតូម្ខាងទៀត ម៉ាកហុងដាឌ្រីម ធុនC១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល1A-8387 បើកបរដោយឈ្មោះឈួ ស៊ីងហៀត ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (រងរបួសធ្ងន់) ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញម៉ូតូបង្ក ធ្វើដំណើរពីលិចទៅកើតលើផ្លូវបេតុង ជាមួយល្បឿនលឿន មកដល់ចំណុចខាងលើ បានរេចង្កូតទៅបុកម៉ូតូមួយគ្រឿង ដែលបើកច្រាស់ទិសគ្នាពេញមួយទំហឹង។

ក្រោយកើតហេតុការណ៍ សមត្ថកិច្ច បានចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុ រួចហៅរថយន្តសាមុយដឹកជនរងគ្រោះ ទៅមន្ទីរពេទ្យ ចំណែកវត្ថុតាង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯសពបានប្រគល់ឲ្យក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់