ព័ត៌មានជាតិ

ប្រពន្ធទ្រាំលែងបាន ប្ដឹងសមត្ថកិច្ចចាប់ប្ដី ករណីសំឡុតគំរាមកំហែងក្នុងគ្រួសារ និងប្រើប្រាស់សារធាតុញៀន

បន្ទាយមានជ័យៈ​ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន បានចុះប្រតិបត្តិការបង្រ្កាប ករណីសំឡុតគំរាមកំហែងក្នុងគ្រួសារ និងប្រើប្រាស់សារធាតុញៀន ដោយខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង ៤ និង ៣០នាទីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចសួនមានជ័យ ស្ថិតក្នុងភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

ប្រតិបត្តិការនេះ ធ្វើទ្បើងដោយយោងតាមពាក្យបណ្តឹងរបស់ឈ្មោះ អូន គន្ធា ភេទ ស្រី អាយុ ២៨ឆ្នាំ ត្រូវជាប្រពន្ធរបស់ជនសង្ស័យ បច្ចុប្បន្នរស់នៅភូមិរ៉ាចំការចេក ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារអមសាលដំបូងខេត្ត លោក បានដឹកនាំកម្លាំងចុះបង្រ្កាបភ្លាមៗ រហូតឃាត់ខ្លួនជនសង្ស័យឈ្មោះ ភន ចាន់ថន ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នរស់នៅភូមិរ៉ាចំការចេក ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

តាមការបំភ្លឺរបស់ជនរងគ្រោះ បានឲ្យដឹងថា ជនសង្ស័យ ប្រើប្រាស់គ្រឿងញៀនរាល់ថ្ងៃ និងតែងតែគំរាមកំហែង និងជេរប្រមាថមកលើខ្លួន (ប្រពន្ធ)ជារៀងរាល់ថ្ងៃ ដោយសំណូមពរដល់ប្តីឲ្យឈប់ប្រើគ្រឿងញៀនទៀត តែប្តីមិនស្តាប់ ថែមទាំងគំរាមធ្វើបាប និងជេរប្រមាថគ្រប់បែបយ៉ាង ទ្រាំនូវទង្វើរបស់ប្តីលែងបាន ទើបសម្រេចចិត្តដាក់ពាក្យបណ្ដឹងតែម្ដង។

ក្រោយធ្វើការសាកសួរ និងធ្វើតេស្តរកសារធាតុញៀន ជនសង្ស័យបានសារភាពថា ៖ ខ្លួនពិតជាបានប្រើប្រាស់សារធាតុញៀន និងបានជេរប្រមាថ សំឡុតគំរាមប្រពន្ធប្រាកដមែន ។

ផ្អែកលើចម្លើយសារភាពជនសង្ស័យ យោងតាមការបំភ្លឺរបស់ជនរងគ្រោះ និងយោងតាមការធ្វើតេស្តទឹកនោម ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ សំឡុតគំរាមកំហែងក្នុងគ្រួសារ និងប្រើប្រាស់សារធាតុញៀន ដោយខុសច្បាប់ កម្លាំងជំនាញបានកសាងសំណុំបញ្ជូនជនសង្ស័យ ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី៕

មតិយោបល់