ព័ត៌មានជាតិ

ជនបរទេសម្នាក់ ដេកស្លាប់ក្នុងបន្ទប់ រីសត សូលីទែរកំរើក នៅក្រុងសៀមរាប

សៀមរាបៈ កាលពីវេលាម៉ោងប្រហែល ១១ និង៥០នាទីយប់ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៩ នៅចំណុចបន្ទប់លេខ ២០៣ រីសត សូលីទែរកំរើក ស្ថិតនៅភូមិ សាលាកំរើក សង្កាត់ សាលាកំរើក ក្រុង/ខេត្តសៀមរាប មានករណីជនបរទេសម្នាក់ បានដេកស្លាប់ក្នុងបន្ទប់។

សពជនរងគ្រោះឈ្មោះ THIESEN NIELS FREDERIK CHRISTOPHER ភេទប្រុស កើតថ្ងៃទី ០៣ វិច្ឆិកា ១៩៨៥ ជនជាតិ ដាណឺម៉ាក កាន់លិខិតឆ្លងដែនលេខ ២១០២៣៧៣៦៥ ជាភ្ញៀវទេសចរណ៍ ចូលមកព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ១២ ឧសភា ២០១៩ តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប ស្នាក់នៅរីសតកើតហេតុ។

តាមការត្រួតពិនិត្យ សមត្ថកិច្ចជំនាញ និងវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារសម្ពាធឈាមឡើងគំហុក បណ្តាលឲ្យគាំងបេះដូង។

បច្ចុប្បន្នសព ត្រូវបានរៀបចំបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ន នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូត៕

មតិយោបល់