ព័ត៌មានជាតិ

ស្វែង សុជាតា នៅតែទទួលតំណែងក្នុងរឿងភាគទូរទស្សន៍

បើទោះជាតារាសម្ដែងស្រីល្បី ឈ្មោះ អ្នកនាង ស្វែង សុជាតា ត្រូវគេដឹងថា មានទីផ្សារខ្លាំង ជាមួយនឹងផលិតកររបស់បរទេស និងភាពយន្តខ្នាតធំ ដែលមានតម្លៃខ្លួនខ្ពស់ ក៏តារាស្រីរូបនេះ នៅតែមានទីផ្សារ ក្នុងភាពយន្តភាគទូរទស្សន៍ យ៉ាងសកម្ម។ អ្នកនាងបានបង្ហាញខ្លួន ក្នុងពិធីក្រុងពាលីភាពយន្តលើកទី១៩ កាលពីព្រឹកថ្ងៃទី១៧ ឧសភា ដោយអ្នកនាងបញ្ជាក់ថា បើទោះជាភាពយន្តភាគទូរទស្សន៍ មិនសូវហ៑ានឲ្យថ្លៃខ្ពស់ ដូចភាពយន្តខ្នាតធំរបស់បរទេស ដែលអ្នកនាងទទួលថត។

អ្នកនាង ស្វែង សុជាតា និយាយថា តារាភាគច្រើន ដែលមានឱកាសថតបានតម្លៃខ្ពស់ ក្នុងរឿងណាមួយ ដូចជាអ្នកនាង ពិតជាមិនត្រលប់មកថតរឿងភាគ ឬរឿងអប់រំ ដែលមានតម្លៃមិនសូវខ្ពស់នោះទេ។ ប៉ុន្តែសម្រាប់អ្នកនាង គឺបែងចែកគ្នាច្បាស់លាស់ ដោយអ្នកនាង នឹងកាត់ថ្លៃខ្ពស់ សម្រាប់ផលិតករបរទេស ហើយសម្រាប់ភាពយន្តក្នុងស្រុក គឺឲ្យតែបានតម្លៃសមរម្យៗ អ្នកនាងនឹងថតហើយ។

ជាក់ស្ដែងសម្រាប់រឿងភាគទូរទស្សន៍ ប្រសិនបើអ្នកនាងតម្កើងរឹកទាល់តែថ្លៃបានថត គឺអ្នកនាងពិតជាមិនទទួលថតរឿងភាគនោះទេ។ យ៉ាងណាមិញអ្នកនាងថា ភាពយន្តរឿង “បុប្ផាស្រុកស្រែ” ដែលអ្នកនាងទទួលថត ឲ្យប៉ុស្តិ៍លេខ៥ តាមរយ:ពិធីក្រុងពាលីកាលពីថ្ងៃទី១៦ ឧសភា អ្នកនាងថា ភាគីខាងផលិតករឲ្យថ្លៃ និងតំណែងក្នុងរឿងពេញចិត្ត។

លោក សុិន សុផាត អគ្គនាយករងទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានថ្លែងក្នុងវេទិកាក្រុងពាលីនោះថា នៅប៉ុស្តិ៍លេខ៥ មានក្រុមផលិតភាពយន្តខ្មែរ ដោយឡែកពីគ្នា មិនតិចក្រុមនោះទេ ដើម្បីឲ្យមានភាពយន្តល្អៗ កើតចេញពីស្នាដៃផលិតករផ្សេង ដាក់ផ្សាយនៅប៉ុស្តិ៍លេខ៥ សម្រាប់ម៉ោងមាស។ ប៉ុន្តែក្នុងចំណោមក្រុមទាំងនោះ ក្រុមផលិតដោយផ្ទាល់របស់ប៉ុស្តិ៍លេខ៥ ដែលមានការសហការ ជាមួយផលិតករថៃ គឺជាក្រុមដែលមានសកម្មភាពចេញថតរឿងច្រើនជាង ដោយក្នុងនោះ ក៏មានភាពយន្តមិនតិចរឿងនោះដែរ ដែលបានថតហើយ និងចាក់ផ្សាយហើយ ទទួលបានការគាំទ្រ។

មកទល់ពេលនេះ ក្រុមផលិតដែលមានផលិតករថៃចូលរួម ផលិតស្នាដៃបាន១៨រឿងហើយ ដោយភាពយន្តរឿង “បុប្ផាស្រុកស្រែ” ដែលបានក្រុងពាលី កាលពីព្រឹកថ្ងៃទី១៧ ឧសភា គឺជាភាពយន្តទី១៩។ ស្នាដៃមួយនេះ លោកថា នឹងគ្រោងចំណាយពេលពី៣ទៅ៣ខែកន្លះ ដោយទីតាំងសំខាន់ៗគឺ ជាយរាជធានីភ្នំពេញ និងនៅខេត្តកំពង់ចាម។ ក្នុងនោះ សួនផ្កាឈូករ័ត្ន នៅជិតស្ពានគីសូណា ខេត្តកំពុងចាម ក៏ត្រូវបានយកមកប្រូម៉ូតក្នុងភាពយន្តនេះទាំងស្រុង។

ក្នុងពិធីសម្ពោធរឿង “បុប្ផាស្រុកស្រែ” នោះ ក្រៅពីវត្តមានថ្នាក់ដឹកនាំតំណាងឲ្យប៉ុស្តិ៍លេខ៥ តំណាងផលិតករថៃ និងអ្នកនាង ស្វែង សុជាតា ក៏មានវត្តមានតារាៗមួយចំនួនចូលរួមផងដែរ ដូចជាលោក ជា លាងឆេ កញ្ញា ផាណាម៉ុច អ្នកស្រី ញឹម សុខា អ្នកស្រី ផល្លា លោក អ៊ឹង សុធារិទ្ធិ និងតារាចាស់ក្មេងជាច្រើនរូបទៀត៕

មតិយោបល់