ព័ត៌មានជាតិ

រថយន្ត តូយ៉ូតាហៃយ៉ាស់កាមិនកូ ដឹកអ្នកដំណើរភ្នំពេញ-កំពត បុកម៉ូតូរបួសធ្ងន់ស្រាល ៣នាក់

តាកែវ: នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៣និង៣០នាទីរសៀល ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ៥១-៥២ ក្នុងភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ (ក្នុងទិសដៅស្របទិសគ្នា)។

រថយន្តបង្កម៉ាក តូយ៉ូតាហៃយ៉ាស់ ប្រភេទដឹកអ្នកដំណើរភ្នំពេញ-កំពត កំពត-ភ្នំពេញ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2D-1234 បើកបរដោយឈ្មោះ ជល់ ធី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរបើកបររថយន្ត នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ស៊ុន វណ្ណ ភេទប្រុស អាយុ ២៥ឆ្នាំ (រងរបួសស្រាល) មុខរបរកសិករ នៅភូមិឬស្សីមួយគុម្ព ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ជិះម៉ូតូម៉ាក ហុងដាវ៉េវ សេ១១០ ពណ៌ក្រហម ពាក់ស្លាកលេខ តាកែវ 1J-6623 ធ្វើដំណើរពីជើង រួមដំណើរជាមួយឈ្មោះ វៃ ស៊្សូសា ភេទស្រី អាយុ៦ឆ្នាំ (របួសធ្ងន់) មុខរបរសិស្ស និងម្នាក់ទៀតឈ្មោះ វៃ ចន្ថា ភេទប្រុស អាយុ២ឆ្នាំ(របួសស្រាល) មុខរបរក្នុងបន្ទុក រស់នៅភូមិឃុំជាមួយគ្នា។

ដំណើរឿង៖ មុនពេលកើតហេតុ ជនរងគ្រោះបានធ្វើដំណើរលើផ្លូវជាតិលេខ៤១ លុះមកដល់ចំណុចកើតហេតុក៏បត់ឆ្វេងឈប់ចាំឆ្លងថ្នល់ ដើម្បីចូលផ្ទះស្រាប់តែ មានរថយន្ត១គ្រឿងម៉ាកខាងលើ បើកមកបុកពីក្រោយបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍តែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ និងកសាងសំណុំរឿងដោះស្រាយតាមនីតិវិធីច្បាប់ ចំណែកជនរងគ្រោះទាំងអស់ត្រូវរថយន្តសាមុយដឹក ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ៕

មតិយោបល់