ព័ត៌មានជាតិ

Update៖ ចេញមកពីហូបការ ត្រូវរថយន្តបុកប្រពន្ធស្លាប់ ប្ដីរបួសធ្ងន់ បន្សល់ទុកកូនកំព្រា ២នាក់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្ត បុករះម៉ូតូកង់បីពីរគ្រឿង
បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាលចំនួន ៣នាក់ កាលពីវេលាម៉ោង១ និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវជាតិលេខ១ ក្នុងភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

ជនរងគ្រោះឈ្មោះ ភោគ នៅ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ
ស្នាក់នៅជួលសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ មានស្រុកកំណើត ខេត្តស្វាយរៀង (ស្លាប់)។ ដោយឡែកខាងម៉ូតូកង់បីឥណ្ឌា មានមនុស្សរងរបួសធ្ងន់ស្រាលចំនួន៣នាក់ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញ ម៉ូតូកង់បីពីរគ្រឿង បានធ្វើដំណើរតាមផ្លូវជាតិលេខ១ មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាក ព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AL–0427 ធ្វើដំណើរតាមផ្លូវជាតិលេខ១ ក្នុងទិសដៅបញ្ច្រាសទិសគ្នា ពីភ្នំពេញទៅខេត្ត ជាមួយល្បឿនយ៉ាងលឿន ព្រមទាំងអ្នកបើកស្រវឹងផង បានរេចង្កូតបុករះម៉ូតូកង់បីខ្មែរ រួចបន្តបុកម៉ូតូកង់បីឥណ្ឌា បណ្តាលឲ្យម៉ូតូកង់បីខ្មែររងការខូចខាតខ្ទេចខ្ទី ដាច់ជាបំណែកៗ និងស្ត្រីម្នាក់ មានកូនក្នុងបន្ទុកចំនួន ២នាក់ (បែកក្បាលស្លាប់មួយរំពេច) និងប្ដីរបួសធ្ងន់ មុខរបរ អ្នកបើកម៉ូតូកង់បីខ្មែរ ត្រូវបានរថយន្តសង្គ្រោះ ដឹកទៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត (ប្ដីប្រពន្ធទាំង២ ធ្វើដំណើរតាមកង់បី ចេញមកពីស៊ីការគេ)។

ដោយទ្បែកម៉ូតូកង់បីឥណ្ឌាវិញ រងការខូចខាតក្រឡាប់ផ្ងារជើង ធ្វើឲ្យអ្នកជិះអ្នកបើកបរបីនាក់ រងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសង្គ្រោះ ដឹកទៅសង្គ្រោះនៅគ្លីនិកឯកជន។

ក្រោយកើតហេតុអ្នកបើករថយន្តបង្ក រត់គេចខ្លួនបាត់ ហើយសមត្ថកិច្ច បានចុះវាស់វែង នៅទីតាំងខាងលើ និងយកវត្ថុតាង ទៅរក្សាទុកនៅការិល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕

//www.youtube.com/watch?v=pwzvvmGtN2M

មតិយោបល់