ព័ត៌មានជាតិ

គួរឲ្យអនិច្ចា! ក្មេងកំព្រា៣នាក់ ឪពុកស្លាប់ គ្មានលុយធ្វើបុណ្យទុកឲ្យស្អុយរលួយក្នុងខ្ទម (វិដេអូ)

រតនគិរីៈ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ នេះលោកឧត្ដមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគីរី បានដឹកនាំកម្លាំងចុះដល់មូលដ្ឋាន ដើម្បីសុំការឯកភាពពីលោក ម៉ា វិចិត្រ អភិបាលស្រុកអូរយ៉ាដាវ យកក្មេងអភ័ពទាំងបីនាក់បងប្អូន យកមកបីបាច់ថែរក្សាឲ្យរៀនសូត្រដូចក្មេងដ៏ទៃ។

ក្រោយពីលោកបានដំណឹងថា មានរឿងដ៏ក្តុកក្តួល អាណិតអាសូរ និងអនិច្ចាបំផុតទៅលើក្មេងកំព្រា៣នាក់បងប្អូននោះ ដែលឪពុកមានជំងឺជាទម្ងន់ ពួកគេនៅតូចៗ ខំត្រដរដើរបេះផ្លែឈើ និងជីកដំឡូង ដើម្បីយកមកហូប ហើយឪពុកដែលកំពុងមានជំងឺធ្ងន់នោះ ពួកគេក៏ពុំមានលទ្ធភាពទិញថ្នាំសម្រាប់ព្យាបាលរហូតដល់ស្លាប់។

ប្រភពពីអ្នកស្រុកបាននិយាយថា ឪពុកក្មេងកំព្រាទាំង៣នាក់នោះ ត្រូវបានធុំក្លិនស្អុយរលួយ ចេញពីខ្ទមដ៏កម្សត់ ទើបអ្នកភូមិដឹងថា គាត់បានស្លាប់យ៉ាងតិចពី៤ទៅ៥ថ្ងៃមកហើយ ដោយឡែក កូនទាំង៣នាក់ ចេះតែនាំគ្នាទៅឈរនិងចិញ្ចើមថ្នល់ ដើម្បីកាក់អ្នកភូមិ និងអ្នកធ្វើដំណើរឲ្យមកចូលមើល និងចូលបុណ្យ ប៉ុន្តែដោយសារខ្ទមមួយនេះ នៅឆ្ងាយពីអ្នកភូមិ ទើបគេពុំបានដឹងពីទុក្ខសោកវេទនារបស់ក្មេងកំព្រាទាំង៣នាក់នោះ។

ហេតុការណ៍ដ៏អនិច្ចានេះ បានកើតមាននៅក្នុងភូមប៉ក់ញ៉ៃ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ត្រូវបានប្រជាពលរដ្ឋដឹងកាលពីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ ហើយដំណឹងនេះ បានផ្អើលឈូឆរ មានអ្នកភូមិជាច្រើន ទៅចោមរោមមើលសាកសពនៅក្នុងខ្ទមដ៏កម្សត់ ហើយសពមានសភាពហើមស្អុយរលួយទៅ។

ប្រភពដដែលបានបន្តឲ្យដឹងថា ឪពុករបស់ក្មេងកំព្រាទាំង៣នាក់នោះ ឈ្មោះ ស៊ីន បូរ៉ា អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតរស់នៅភូមិកូនត្មាត ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានប្រពន្ធឈ្មោះ សាន សុខុម ដែលទើបនឹងស្លាប់ចោលប្តី និងកូនប្រហែលជាង៤ទៅ៥ខែកន្លងមកនេះ។

អ្នកភូមិបន្តថា ម្តាយបានស្លាប់ចោល ក្រោយមកឪពុកក៏បានស្លាប់ បន្សល់ទុកនូវកូនកំព្រា៣នាក់បងប្អូន ពិតជាគួរឲ្យអាណិតពួកគេ ដែលនៅតូចៗ កូនបង មានឈ្មោះ រ៉ា សាន ភេទប្រុស អាយុ១៣ឆ្នាំ, កូនទី២ ឈ្មោះ រ៉ាវ វ៉ិត ភេទស្រី អាយុ១១ឆ្នាំ និងកូនទី៣ ឈ្មោះ រ៉ា ស្រីម៉ៅ ភេទស្រី អាយុ៧ឆ្នាំ។

ប្រភពដដែលបានបញ្ជាក់ទៀតថា តាមពិតរឿងហេតុខាងលើនេះ ត្រូវបានដឹងពីអ្នកភូមិ ដែលគាត់បានទៅដកផ្សិតនៅក្នុងព្រៃ ក៏បានក្រឡេកឃើញក្មេងទាំង៣នាក់អង្គុយទទូលតង់ ដែលមានចម្ងាយប្រមាណជា២០ម៉ែត្រពីខ្ទមសពរបស់ឪពុកទើបគេចូលមកសួរថា ហេតុអ្វីក៏ពួកអ្នកទាំងអស់គ្នានាំគ្នាមកអង្គុយនៅទីនេះ ជាមួយនឹងដំណក់ទឹកភ្លៀងផងនោះ។ ពួកគេក៏បានប្រាប់ទៅកាន់អ្នកភូមិថា ឪពុកខ្ញុំកំពុងឈឺខ្លាំង ក្រោកមិនរួច មិននិយាយស្តី ដណ្តប់ភួយ៤ទៅ៥ថ្ងៃមកហើយ។ ស្តាប់សម្តីពីក្មេង អ្នកដកផ្សិតក៏នាំគ្នាទៅមើល ទើបដឹងថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ និងរាយការណ៍ជូនសមត្ថកិច្ច អាជ្ញាធរ ទើបមានវត្តមានលោក ងើយ ដន អធិការរងនគរបាលស្រុកអូរយ៉ាដាវ ក៏បានចាត់ចែង ដឹកនាំកម្លាំងចូលមកពិនិត្យសាកសព ហើយពិនិត្យរួចរាល់ឃើញថា សាកសពហើមស្អុយរលួយ អ្នកស្រុកក៏បាននាំគ្នាជួយធ្វើបុណ្យ និងបូជានៅក្នុងខ្ទមនេះតែម្តង៕

https://youtu.be/oMkq7dxZTfs

https://youtu.be/jweM95gK6ok

មតិយោបល់