ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

បទបរិហារកេរ្តិ៍ មិនអាចដាក់បន្ទុកអ្នកកាសែតបានទេ

ភ្នំពេញៈ ជាទូទៅអ្នកសារព័ត៌មានមួយចំនួនតែងតែរងការគំរាមកំហែងតាមគ្រប់រូបភាព ក្នុងនោះក៏មានការគំរាមប្តឹងពីបទបរិហារកេរ្តិ៍ផងដែរ បន្ទាប់ពីអ្នកកាសែតទាំងនោះ បានចុះផ្សាព្វផ្សាយព័ត៌មានដោយមិនបានដកស្រង់សម្តី ប្រមូលប្រភពឲ្យបានច្បាស់លាស់ ឬមិនបានសួរនាំភាគីដែលរងការចោទប្រកាន់។ ពាក់ព័ន្ធករណីនេះ អ្នកច្បាប់បានលើកឡើងថា បទបរិហារកេរ្តិ៍ មិនអាចដាក់បន្ទុកមកលើអ្នកសារព័ត៌មានបានទេ ពីព្រោះនេះ ជាបទលាហុ។

យោងតាមច្បាប់ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០១៣ បានបង្ហាញថា បទបរិហារកេរ្តិ៍ជាសាធារណៈ បើយោងតាមមាត្រា៣០៥ ត្រូវពិន័យជាប្រាក់១០ម៉ឺនរៀល ទៅ១០លានរៀល និយាយឲ្យចំ គឺបទបរិហារកេរ្តិ៍ជាសាធារណៈ គឺមានន័យថា គ្រប់ការអះអាងបំភ្លើស ឬការទម្លាក់កំហុស ដោយអសុទ្ធចិត្តលើអំពើណាមួយ ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយស ឬកិត្តិស័ព្ទនៃបុគ្គល ឬនៃស្ថាប័ន គឺជាការបរិហារកេរ្តិ៍។ ប៉ុន្តែបើយោងទៅតាមមាត្រា៣០៦វិញ គឺអំពើបរិហារកេរ្តិ៍តាមសារព័ត៌មាន ត្រូវស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីរបបសារព័ត៌មាន។

រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ថ្លែងនៅក្នុងវគ្គស្វែងយល់អំពីក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជណាកម្ពុជា ដល់អ្នកសារព័ត៌មាន វគ្គទីពីរ នៅទីស្តីការក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃពុធទី១៣ ខែកក្កដា ក្រោមវត្តមានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា ថាច្បាប់ថ្មីនេះ បទរិហារកេរ្តិ៍ តាមមាត្រា៣០៦ នាក្រមព្រហ្មទណ្ឌ មិនអាចដាក់បន្ទុកអ្នកសារព័ត៌មានបានទេ ពីព្រោះអ្នកសារព័ត៌មាន គឺជាអំណាចទី៤។ ជាមួយគ្នានោះ រដ្ឋលេខាធិការរូបនេះ ក៏បានជំរុញឲ្យអ្នកកាសែតសរសេរព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងមានការអប់រំខ្ពស់ ដើម្បីឲ្យប្រជាពលរដ្ឋមានការយល់ដឹង និងជ្រាបច្បាស់៕

មតិយោបល់