កណ្តាល៖ ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្តាល នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជូនកម្លាំងរបស់ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ចូលរួមសហការរៀបចំសំអាតអនាម័យបរិស្ថាន ទីតាំងអគារ បរិវេលាខាងក្នុង និងខាងក្រៅ នៃវិទ្យាល័យវឌ្ឍនៈឈូងលាភ ដើម្បីប្រែក្លាយអោយទៅជាទីតាំងសំរាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។ ការបញ្ជូនកម្លាំងចូលរួមរៀបចំទីតាំងនេះគឺ ក្រោមការចង្អុលបង្ហាញ របស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិ បាលខេត្តកណ្តាល និងជាប្រធានគណៈបញ្ជាការរដ្ឋបាលឯកភាពខេត្តកណ្តាល។
អគារនេះ ត្រូវបានរៀបចំតាមទីតាំង អគាររបស់វិទ្យាល័យមាន ១ខ្នង២ជាន់ និងអគារបឋមសិក្សា ១ខ្នង២ជាន់ មាន៣០បន្ទប់ ។ ដោយកងកម្លាំងតំបន់ប្រតបត្តិការសឹករងកណ្តាល បានចូលរួមសហការជាមួយផ្នែកពាក់ព័ន្ធរៀបចំកែសម្រួល ធ្វើអនាម័យបាញ់ថ្នាំ ឡើងវិញ ដើម្បីត្រៀមលក្ខណៈធ្វើជាមន្ទីរព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងពេលដ៏ខ្លីខាងមុខនេះ។
គួរបញ្ជាក់ថា អគារវិទ្យាល័យវឌ្ឍនៈឈូងលាភនេះ ដើមឡើយជាមណ្ឌលដែលប្រមូលផ្តុំចត្តាឡីស័ក ក្រោយមកដើមខែឧសភា ថ្នាក់ដឹកនាំខេត្តកណ្តាល បានកែប្រែទៅជាមណ្ឌល ព្យាបាល អ្នកជំងឺកូវីដ-១៩ ខណៈដែលបច្ចុប្បន្នអ្នកចត្តាឡីស័កបាន ចេញពីមណ្ឌលអស់ហើយ សល់មួយចំនួនតូច បានទៅធ្វើនៅតាមផ្ទះរៀងៗខ្លួន៕
មតិយោបល់