ភ្នំពេញៈ នៅវេលាម៉ោង ១១ព្រឹកថ្ងៃទី១៨ ខែឧសភាឆ្នាំ២០១៩នេះ ក្រុមកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ ឃាត់ខ្លួនបុរសអ្នកលាងម៉ូតូម្នាក់ នៅបន្ទប់ផ្ទះជួល ផ្លូវបេតុង ក្រុម៧ ភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ បន្ទាប់ពីប្រព្រឹត្តអំពើរំលោភសេពសន្ទវៈ លើក្មេងស្រីជាអនីតិជន អាយុទើប៨ឆ្នាំ កាលពីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅបន្ទប់ជួល ចំណុចក្នុងភូមិខាងលើ ខណៈដែលឪពុកម្តាយមិននៅផ្ទះ។
ជនសង្ស័យឈ្មោះ ស៊ក សេង ភេទប្រុស អាយុ ៤៥ឆ្នាំ (ឃាត់ខ្លួន) មុខរបរ លាងម៉ូតូ ស្នាក់នៅផ្ទះជួល ក្រុម៧ ភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិដូងវាល ឃុំក្តឿងរាយ ស្រុកកញ្ច្រៀច ខេត្តព្រៃវែង មានប្រពន្ធកូនស្រីម្នាក់ ។
ក្មេងស្រីរងគ្រោះឈ្មោះ ន ដ ន អាយុ៨ឆ្នាំ មុខរបរសិស្ស រស់នៅក្នុងបន្ទុកគ្រួសារ។
ដំណើររឿង៖ កាលពីវេលាម៉ោង១២ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីឃើញទឹកមុខកូន ស្រង៉ូតស្រង៉ាត់ម្ដាយមានការងឿងឆ្ងល់ នាំកូនស្រីងូតទឹក ស្រាប់តែឃើញប្រដាប់ភេទកូនស្រីហូរឈាម សង្ស័យក៏សួរនាំតែកូនមិនប្រាប់ រហូតដល់បងស្រីម្នាក់ទៀត ត្រូវជាអ៊ីរបស់ក្មេងរងគ្រោះលួងសួរ ទើប ក្មេងរងគ្រោះនិយាយប្រាប់ថា ជនសង្ស័យចាប់រំលោភសេពសន្ទវៈ យកម្រាមដៃលូកខ្វេះ ដល់ព្រឹកថ្ងៃទី១៨ ខែឧសភា នេះ ម្ដាយក្មេងរងគ្រោះរត់ទៅប្តឹងប៉ូលិសចាប់ខ្លួនតែម្តង ។
យោងតាមសម្តីឪពុកក្មេងស្រីបានឲ្យដឹងថា នៅវេលាម៉ោង ៧យប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ប្រពន្ធជាប់រវល់ធ្វើការ ចំណែកខ្លួនជួបជុំមិត្តភ័ក្រ ផឹកស៊ីក្នុងភូមិ ហើយបានពឹងជនសង្ស័យ ប្រើឲ្យឌុបកូនស្រីខ្លួន មកយកនំនៅកន្លែងផឹក ហើយឲ្យឌុបវិលត្រឡប់ទៅផ្ទះវិញ ដោយទុកចិត្តតែមិននឹកស្មានដល់ ថាកើតរឿងនិងឡើងឡើយ រហូតដល់ព្រឹកថ្ងៃទី១៧ ខែឧសភា ទើបបែកធ្លាយរឿងហួសចិត្តបែបនេះ ។
ក្រោយពេលឃាត់ខ្លួន និងសាកសួរចម្លើយជនសង្ស័យសារភាពថា ខ្លួនពិតជាបានធ្វើទង្វើនោះដាក់ក្មេងស្រីរងគ្រោះប្រាកដមែន បច្ចុប្បន្នសមត្ថកិច្ច កំពុងកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ អនុវត្តបន្តតាមនីតិវិធី៕
មតិយោបល់