ភ្នំពេញៈ បុរស២នាក់រងរបួសធ្ងន់ ម្នាក់បែកផុងលលាដ៍ក្បាល សន្លប់ឈឹងដង្ហើមចង្រឹត ម្នាក់បាក់ជើង បន្ទាប់ពីជិះម៉ូតូក្នុងសភាពស្រវឹងមិនទាន់ស្វាង បុកឡើងទួល ដែលមន្ទីរសាធារណៈការធ្វើដាក់កាត់ទទឹងផ្លូវ មុខសាលាបឋមសិក្សាជម្ពូវ័ន ហើយរេចង្កូតទៅបុកគូទរ៉ឺម៉កម៉ូតូ ដែលចតរញ៉េរញ៉ៃ តាមចិញ្ចើមផ្លូវមុខសាលាជាប្រចាំថ្ងៃ ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង ៥និង២០នាទីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ជាប់ជើងស្ពានអាកាសថ្មើរជើង មុខសាលាបឋមជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
ជនរងគ្រោះទាំង២នាក់មិនស្គាល់អត្តសញ្ញាណ ក្នុងសភាពធ្ងន់ធ្ងរ សល់តែដង្ហើមចង្រឹត ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា C១២៥ សេរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HL-1607 ។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះទាំង២នាក់សង្ស័យទើបចេញពីហាងផឹកស៊ី ទើបស្រវឹង ជិះម៉ូតូឌុបគ្នា ពីលិចទៅកើត ល្បឿនលឿន លុះដល់ចំណុចខាងលើ ហោះឡើងទួល ដែលមន្ទីរសាធារណៈការ ធ្វើកាត់ទទឹងផ្លូវ ហើយជ្រុលទៅបុកគូទរ៉ឺម៉កម៉ូតូ ដែលចតឈប់រញ៉េរញ៉ៃតាមផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ រួចខាងរ៉ឺម៉ក ត្រូវបានខាងសន្តិសុខផ្សារជម្ពូវ័នឲ្យអូសចេញបាត់ ។
ពលរដ្ឋបានឲ្យដឹងថា ខាងមុខផ្សារ មុខសាលារៀន តាមផ្លូវសម្រាប់ សិស្សដើរឡើងស្ពានអាកាសថ្មើរជើង ក្លាយទៅជាចំណត រ៉ឺម៉កម៉ូតូ ឡាន បាត់ទៅហើយ ចតឈប់គ្មានសណ្តាប់ធ្នាប់ រញ៉េរញ៉ៃ រកតែផ្លូវក្មេងដើរឡើងស្ពានអាកាសសឹងមិនបានផង មិនបានរៀបចំ មានតែយកលុយប្រចាំខែ ប្រចាំថ្ងៃ ទុកឲ្យចិញ្ចើមផ្លូវ ឡាន រ៉ឺម៉កចតឈប់គ្មានសណ្តាប់ធ្នាប់ ។
ជនរងគ្រោះក្នុងករណីខាងលើ ចំនួន២នាក់ សល់តែដង្ហើមចង្រឹត ត្រូវបានរថយន្តគ្លីនិកដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ ចំណែកម៉ូតូខ្ទេចផ្នែកខាងមុខ សមត្ថកិច្ចយកទៅរក្សាទុកឲ្យនៅប៉ុស្តិ៍ចោមចៅ៣ ប្រគល់ជូនជនរងគ្រោះវិញពេលក្រោយ ៕
មតិយោបល់