កំពង់ធំៈ កូនប្រុសចិត្តអប្រិយយកស្រាធ្វើជាត្រីមុខស្រវឹងខួប រករឿងវាយដំ ឪពុកបង្កើត និងប្អូន ធ្វើឲ្យក្រុមគ្រួសារអស់ក្តីទ្រាំលែងបាន ប្តឹងកងរាជអាវុធហត្ថខេត្តកំពង់ធំ ចាប់ខ្លួនវាយខ្នោះ បញ្ជូនទៅចូលទ្រុងសារិកា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
បុរសស្រវឹងខួបនោះត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ចាប់បញ្ជូនទៅកាន់តុលាការខេត្ត បន្ទាប់ពីស្រវឹងស្រា ហើយប្រើអំពើហិង្សាទៅលើប្អូនៗ និងវាយច្របាច់រឪពុកខ្លួនឯងបង្កើត កាលយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ប្រភពព័ត៌មានពីក្រុមគ្រួសារបានដឹងថា ជនបង្កហេតុម្នាក់នេះបានប្រើអំពើហិង្សាទៅលើឪពុក និងប្អូនៗជាច្រើនដងមកហើយ តែក្រុមគ្រួសាមិនបានប្តឹងទេ ព្រោះទុកឱកាសឲ្យជនបង្កនេះកែខ្លួន រហូតមកដល់ពេលនេះ នៅតែប្រព្រឹត្តអំពើហិង្សាមកលើឪពុករបស់ខ្លួនស្ទើរតែរៀងរាល់ថ្ងៃ បណ្តាលឲ្យបងប្អូន ទ្រាំលែងបាន ក៏ប្ដឹងឲ្យចាប់ខ្លួនតែម្ដង។
លោក ពេជ្រ សារឿន អាយុ៧៨ឆ្នាំ ត្រូវជាឪពុកបានឲ្យដឹងថា កូនប្រុសម្នាក់នេះ ជាកូនទី៦ កន្លងមកមានប្រពន្ធនៅស្រុកបារាយណ៍ ហើយក៏បានលែងលះគ្នា ជាង១០ឆ្នាំ ទើបមករស់នៅជាមួយគាត់ លុះបច្ចុប្បន្នមានមុខរបរ ជាជាងផ្សារដែក រាល់ពេលស្រវឹង ពេលមកដល់ផ្ទះតែងតែបោកប្រាស់របស់របរ ជេរប្រតិច ខឹងសម្បារបងប្អូនវាយធ្វើបាប នៅពេលគាត់ស្តីឲ្យតែងតែវាយធ្វើបាបច្របាច់ក និងមួលដៃគាត់ (ឪពុកបង្កើត) កុំតែប្អូនស្រីៗមកជួយទាន់ម្លេះប្រហែលជាមានគ្រោះថ្នាក់ធ្ងន់ធ្ងរមិនខាន ទើបពួកគាត់ប្តឹងសមត្ថកិច្ច ចុះមកឃាត់ខ្លួនទាំងកណ្តាលយប់តែម្ដង។
បញ្ជាក់ថ ជនប្រើអំពើហិង្សាលើគ្រួសារ ឈ្មោះ រឿន ណារុន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ហើយសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៣ ដើម្បីចាត់ការបន្តតាមច្បាប់៕
មតិយោបល់