ភ្នំពេញៈ កម្ពុជា មានរមណីយដ្ឋានទេសចរណ៍ ដែលមានភ្ញៀវទេសចរទៅដល់ចំនួន៣៣៥កន្លែងប៉ុណ្ណោះ ក្នុងចំណោម១,៤២៩កន្លែង បាន និងកំពុងដំណើរការ និងអាចឲ្យភ្ញៀវទេសចរទស្សនាបាន (អាជីវកម្មមានអាជ្ញាប័ណ្ណ និងកំពុងជំរុញឲ្យស្នើសុំអាជ្ញាប័ណ្ណ) សណ្ឋាគារមានចំនួន៦១៤កន្លែង មាន៣៤,៣៩៣បន្ទប់ ផ្ទះសំណាក់ចំនួន១៦៦០កន្លែង មាន២៥,២៦៤បន្ទប់ សេវាកម្មកម្សាន្តទេសចរណ៍សម្រាប់មនុស្សពេញវ័យចំនួន៨២៣កន្លែង ភោជនីយដ្ឋាន និងអាហារដ្ឋានចំនួន១,៥៤៧កន្លែង ទីភ្នាក់ងារទេសចរណ៍៦០៥កន្លែង និងមានមគ្គុទេ្ទសក៍ទេសចរណ៍សរុបចំនួន៤,៨៦៣នាក់។
នេះបើតាមការបង្ហាញរបស់លោក ថោង ខុន នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារទេសចរណ៍ឆ្នាំ២០១៥ ឆមាសទី១ ឆ្នាំ២០១៦ និងទិសដៅអនុវត្តឆមាសទី២ ឆ្នាំ២០១៦ និងឆ្នាំ២០១៧ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បន្តថា កំណើនភ្ញៀវទេសចរនេះ បានមកដោយសារកម្ពុជា សម្បូរដោយមរតកបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិជាច្រើន គួបផ្សំជាមួយនឹងស្ថិរភាពនយោបាយ និងសន្តិភាពពេញលេញតាំងពីឆ្នាំ១៩៩៨។ ក្រៅពីតំបន់រមណីយដ្ឋានសៀមរាប-អង្គរ កម្ពុជា មានរមណីយដ្ឋានទេសចរណ៍វប្បធម៌ជាច្រើនទៀត ដែលជាគោលដៅទេសចរណ៍ដ៏មានសក្តានុពលប្រកបដោយភាពទាក់ទាញ។ លើសពីនេះ ក៏មានបរិស្ថានធម្មជាតិស្រស់ត្រកាល មានតំបន់ព្រៃកោងកាង ឆ្នេរសមុទ្រល្អជាឆ្នេរស្អាតបំផុតលើសាកលលោក កោះ និងសត្វផ្សោតទន្លេមេគង្គដ៏កម្រ។ កម្ពុជា មានប្រវត្តិយូរអង្វែង ប្រកបដោយវប្បធម៌ និងអរិយធម៌ដ៏មហសា្ចរ្យ បុព្វបុរសខ្មែរ បានបន្សល់ទុកឲ្យនូវបេតិកភណ្ឌរូបីយ និងអរូបីយជាច្រើនដូចជា ប្រាង្គប្រាសាទ សិល្បៈ និងរបាំបុរាណ។
គួរបញ្ចាក់ថា ឆ្នាំ២០១៥កន្លងទៅ កម្ពុជា សម្រេចបានកំណើនក្នុងអត្រា៦,១% និងមានទេសចរអន្តរជាតិប្រមាណ៤,៧៧លាននាក់ បង្កើតឱកាសការងារជាង៦០ម៉ឺននាក់ នាំប្រាក់ចំណូលប្រមាណជិត៣.០១២លានដុល្លារអាមេរិក ចាក់បញ្ចូលសេដ្ឋកិច្ចជាតិ។ សម្រាប់៥ខែ ដើមឆ្នាំ២០១៦នេះ កម្ពុជា ទទួលបានទេសចរអន្តរជាតិ ប្រមាណជាង២លាននាក់ រំពឹងថា នៅឆ្នាំ២០២០ ការមកដល់នៃភ្ញៀវទេសចរអន្តរជាតិ អាចកើនដល់៧លាននាក់ និងនាំមកប្រាក់ចំណូលសរុបប្រមាណ៥.០០០លានដុល្លារ និងបង្កើតឱកាសការងារបានជិត១លាននាក់៕
មតិយោបល់