ព័ត៌មានជាតិ

បង្ក្រាបបទល្មើសនេសាទ រឹបអូសឧបករណ៍បទល្មើសបានមួយចំនួនធំ

កំពង់ឆ្នាំងៈ សមត្ថកិច្ចចម្រុះដឹកនាំដោយនាយរងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ចុះបង្ក្រាបបទល្មើសនេសាទនៅ៣គោលដៅខុសៗគ្នា នៅក្នុងស្រុកកំពង់លែង ស្រុកបរិបូរណ៌ និងស្រុកកំពង់ត្រឡាច បានកាប់របាំងរាំងភ្ជិតព្រែក៩កន្លែង ប្រវែង៩០០ម៉ែត្រ និងរបាំងស្បៃមុង១០កន្លែង ប្រវែង៣០០ម៉ែត្រ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦។

លោក ម៉ប់ សាម៉ុន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ឲ្យដឹងថា នៅក្នុងរដូវបិទការនេសាទ គឺច្បាប់បានហាមឃាត់មិនប្រជាពលរដ្ឋ ធ្វើការនេសាទដោយខុសច្បាប់ឡើយ ជាក់ស្តែងនៅថ្ងៃទី១២ ខែកក្កដា រយៈពេលពេញ១ថ្ងៃនេះ សមត្ថកិច្ចចម្រុះដឹកនាំដោយនាយរងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ៣នាក់ ចែកចេញជា៣គោលដៅ បានចេញបង្ក្រាបបទល្មើសនេសាទព្រមគ្នាក្នុងនោះមានគោលដៅក្នុងភូមិសាស្ត្រស្រុកកំពង់លែង ដែលដឹកនាំដោយរូបលោក និងមានការអញ្ជើញចូលរួមពីលោក ផៅ ស្រៀង អភិបាលរងស្រុកកំពង់លែង បានចេញបង្ក្រាបបទល្មើសនេសាទ នៅចំណុចចុងព្រែកកាម៉ាល់ និងកវាលភក់។ ចំណែក នាយរងខណ្ឌ២រូបទៀត បានចេញបង្ក្រាបនៅភូមិសាស្ត្រ ស្រុកបរិបូរណ៌ និងស្រុកកំពង់ត្រឡាច។

លោកបានបន្តថា ជាលទ្ធផលសរុប គឺកាប់បំផ្លាញស្បៃមុង១០កន្លែង ស្មើនឹង៣០០ម៉ែត្រ លូបលូ ស្បៃមុង ១០មាត់ បង្គោល៥០ដើម និងចាក់លែងត្រី១០គីឡូ។ កាប់របាំងព្រួលរាំងកាត់ព្រែក៦កន្លែង ស្មើនិង៩០០ម៉ែត្រ លប ១២ បង្គោល៦០០ដើម និងចាក់លែងត្រី១០គីឡូក្រាម។ កាប់បំផ្លាញរបាំងសាច់អួន២កន្លែង ស្មើ៣០០ម៉ែត្រ លបស្បៃមុង៤មាត់ បង្គោល១០០ដើម និងរឹបអូសយកលបប្រើស១០០ បាន២៥ខ្សែ។ ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបខាងលើនេះ បានប្រើប្រាស់កម្លាំងសរុប២៤នាក់ និងកាណូតបាឡាស្មាច់ចំនួន៨គ្រឿង ។

លោកនាយរងខណ្ឌរដ្ឋបាលជលផល ឲ្យដឹងទៀតថា ទឹកទន្លេប៉ុន្មានថ្ងៃនេះ បានឡើងខ្លាំងធ្វើឲ្យលេចចូល តាមព្រែកតូចៗមួយចំនួន និងបន្តលិចខ្នងកោះ ជាបណ្តើរហើយ ហេតុនេះសមត្ថកិច្ចជលផលសំខាន់បំផុត គឺការពារការដាក់របាំងរាំងផ្ចិតព្រែក ដែលត្រីត្រូវចរាចរចូលទៅពងកូនតាមបឹង និងព្រែកទាំងនោះ។

ក្នុងនាមលោកជាមន្ត្រីជំនាញ សូមអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការនេសាទខុសច្បាប់ក្នុងរដូវបិទនេសាទនេះ ដោយទុកឱកាសឲ្យត្រីពងកូន បានស្រួលបួលទីតាមទម្លាប់ធម្មជាតិ និងម្យ៉ាងវិញទៀត។ សូមអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមរាយការណ៍រាល់បទល្មើសទាំងអស់គ្នា បើឃើញបទល្មើសកើតឡើងនៅកន្លែងណា សូមរាយការណ៍ពីទីតាំងឲ្យបានច្បាស់លាស់ ដើម្បីមន្ត្រីជំនាញ និងសមត្ថកិច្ចចម្រុះចុះទៅបង្ក្រាបឲ្យទាន់ពេលវេលា រួមគ្នាការពារពូជត្រីឲ្យមាននិរន្តភាពសម្រាប់យើងទាំងអស់គ្នា៕

មតិយោបល់