ព្រះវិហារៈ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦នេះ មន្រ្ដីផ្នែករដ្ឋបាលព្រៃឈើ និងសង្កាត់រដ្ឋបាលព្រៃឈើរវៀង បានចាប់ឃាត់គោយន្តកន្ត្រៃ និងរថយន្ត៣គ្រឿង ដែលដឹកជញ្ជូនឈើអារចម្រុះប្រភេទ (លេខ១ លេខ២ និងឈើអារប្រណីតធ្នង់) នៅលើដងផ្លូវជាតិលេខ៦២ ភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។
មន្រ្ដីផ្នែករដ្ឋបាលព្រៃឈើបានឲ្យដឹងថា រថយន្តទី១ ម៉ាក TOYOTA (TACOMA) ពាក់ស្លាកលេខ ភ្នំពេញ 2D-5279 ដឹកជញ្ជូនឈើអារប្រភេទលេខ១ (គគីរ) ចំនួន ៣៩សន្លឹក ស្មើនឹង០,៧៤៨ម៉ែត្រត្រីគុណ។ រថយន្តទី២ ម៉ាក TOYOTA (Camry) ពាក់ស្លាកលេខ បាត់ដំបង 2A-9479 ដឹកជញ្ជូនឈើអារប្រណីត (ធ្នង់) សមត្ថកិច្ចកំពុងធ្វើវាស់វែង។ រថយន្តទី៣ ម៉ាក NISSAN ពាក់ស្លាកលេខ ព 0480-ភព២ ដឹកជញ្ជូនឈើអារប្រណីត (ធ្នង់) សមត្ថកិច្ចកំពុងធ្វើវាស់វែង។ ចំណែកគោយន្តកន្ត្រៃ១គ្រឿង ដឹកឈើអារប្រភេទលេខ២ (ផ្តៀក) ចំនួន៧៦សន្លឹក ស្មើនឹង ៤,២៣៧ម៉ែត្រត្រីគុណ។
បច្ចុប្បន្នរថយន្តដឹកឈើល្មើសទាំងអស់ ត្រូវបានមន្រ្ដីផ្នែករដ្ឋបាលព្រៃឈើរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់