ភ្នំពេញៈ យុវរជនរៀនពេទ្យ ធ្មេញម្នាក់ ត្រូវបានឃាតកកាប់ សម្លាប់ បណ្តាលអោយដេកស្លាប់ក្នុងថ្លុកឈាម ក្នុងបន្ទប់ជួលរបស់ឪពុកមា ដែលបើកធ្វើធ្មេញ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីឃាតកម្មនេះ កើតទ្បើងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ០៧ និង៣០នាទីព្រឹក ត្រង់ចំណុចគ្លីនិចធ្មេញ ផ្ទះគ្មានលេខ ផ្លូវ១៥១ ភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានករណីឃាតកម្មមួយបានកើតឡើង ។
ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ។ សពជនរងគ្រោះឈ្មោះ ធុន រ៉ាវិន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរពេទ្យធ្មេញ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ១៥១ ភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សម្ភារៈបាត់បន្សល់ទុក៖គ្មាន
សម្ភារៈបាត់បង ៖ កងដៃផ្លាកទីនចំនួនមួយ និងទូរស័ព្ទដៃម៉ាក OPPO ពណ៌ខ្មៅ ចំនួន១គ្រឿង។
សមត្ថកិច្ចបន្តថា តាមការបំភ្លឺរបស់ឈ្មោះមឿន សុវុត្ថា (ម្ចាស់គ្លីនិច) ឈ្មោះ តុលា ស្រីពេជ្រ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៧ និង០០នាទី ឈ្មោះ ធុន រ៉ាវិន (សពជនរងគ្រោះ) និងឈ្មោះ មឿន សុវុត្ថា បានរៀបចំបិតទ្វារគ្លឺនិច ដោយអោយជនរងគ្រោះ ដេកនៅកន្លែងកើតហេតុ រួចមកឈ្មោះមឿន សុវុត្ថា (ម្ចាស់គ្លីនិច) បានចេញទៅចូលរួមពិធីមង្គលការអ្នកភូមិ ដែលស្គាល់គ្នា លុះវេលាម៉ោង២១ និង៣០នាទី ក៏បានត្រឡប់មកគ្លឺនិចរបស់ខ្លួនវិញ គោលបំណងមកយកកាសទូរស័ព្ទ រួចក៏បានស្រែកហៅជនរងគ្រោះ តែជនរងគ្រោះមិនបានឆ្លើយតបវិញទេ បន្ទាប់មកឈ្មោះ មឿន សុវុត្ថា ក៏បានត្រឡប់ទៅផ្ទះដើម្បីសម្រាក ។
លុះមកដល់វេលាម៉ោង០៧និង០០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ មានមនុស្សម្នាក់ មិនស្គាល់ឈ្មោះ បានមកគ្លីនិចយីហោ សុវុត្ថា ក្នុងគោលបំណងធ្វើធ្មេញ ដោយមិនឃើញគ្លីនិចបើកទ្វារ ក៏បានខលទៅឈ្មោះ មឿន សុវុត្ថា (ម្ចាស់គ្លីនិច) ភ្លាមនោះឈ្មោះ មឿន សុវុត្ថា បានមកដល់គ្លីនិច រួចក៏បានចាក់សោរ ដើម្បីបើកទ្វារគ្លីនិច ស្រាប់តែប្រទះឃើញជនរងគ្រោះ បានដេកស្លាប់បាត់ទៅហើយ រួចក៏រាយការណ៍ជូនសម្ថកិច្ចតែម្ដង។
តាមការសន្និដ្ឋានរបស់សម្ថកិច្ចជំនាញ បានអោយដឹងថា ករណីខាងលើ គឺជាករណីឃាតកម្មពិតប្រាកដមែន ។
សពត្រូវបាន ក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យនៅស្រុកកំណើត ស្រុកកំពង់សៀមខេត្តកំពង់ចាម តាមប្រពៃណី៕
មតិយោបល់