ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវឃាត់ខ្លួនពីបទរំលោភលើ…

បន្ទាយមានជ័យ: ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១០ និង ០០នាទី នៅចំណុចភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក អ៊ុ សាខន នាយរងសេនាធិការ ប្រចាំការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី រំលោភលើទំនុកចិត្ត ដែលប្រព្រឹត្តកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ និងឃាត់ខ្លួនជនសង្ស័យបានចំនួន១នាក់ ឈ្មោះ រ៉េត ចំណាន ភេទ ប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិ/សង្កាត់កើតហេតុខាងលើ ។ បន្ទាប់ពីធ្វើការឃាត់ខ្លួនកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។
លោកព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌បានឲ្យដឹងថា ៖ យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ទ្រី ចាន់រដ្ឋ ភេទ ប្រុស អាយុ ២៥ឆ្នាំ មានទៅលំនៅភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបំភ្លឺឲ្យដឹងថា ៖ នៅថ្ងៃកើតហេតុខ្លួន និងជនសង្ស័យ រួមជាមួយមិត្តភ័ក្តផ្សេងទៀត បានផឹកស៊ីជាមួយគ្នា ពេលនោះមិត្តភ័ក្តម្នាក់ទៀត បានប្រើជនសង្ស័យទៅទិញទឹកកកអនាម័យ ដោយឲ្យយកម៉ូតូរបស់ខ្លួនទៅជនសង្ស័យជិះ ពេលជនសង្ស័យជិះទៅស្រាប់តែបាត់ដំណឹងឈឹង អស់រយ:ពេលជាច្រើនថ្ងៃ ក៏បានមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្តង ។ លោក ព្រហ្ម ថេង បានបញ្ជាក់ទៀតថា ក្រោយពីទទួលបានពាក្យបណ្តឹង និងធ្វើការស្រាវជ្រាវ រហូតកំណត់បានមុខសញ្ញាជនសង្ស័យ កម្លាំងជំនាញបានកោះហៅមកធ្វើការសាកសួរ ។ ក្រោយពីធ្វើការសាកសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា ៖ ខ្លួនពិតជាបានជិះម៉ូតូរបស់ជនរងគ្រោះទៅទិញទឹកកកអនាម័យមែន ពេលជិះទៅខ្លួនមិនបានទៅទិញទឹកកកនោះទេ គឺខ្លួនបានចូលទៅលេងបាញ់ត្រី លុះលេងចាញ់ក៏បែកគំនិតដាក់ម៉ូតូបញ្ចាំយកលុយដើម្បីលេងបន្ត លុះលេងចាញ់អស់ក៏គេចមុខមិនហ៊ានទៅជួបម្ចាស់ម៉ូតូ ។ ដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងយោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុង និងយោងតាមការបំភ្លឺរបស់ជនរងគ្រោះ ឃើញថាមានតម្រុយពិរុទ្ធភាពនៃបទល្មើសយ៉ាងជាក់លាក់ ដូច្នេះជនសង្ស័យខាងលើអាចត្រូវចោទពីបទ រំលោភលើទំនុកចិត្ត។ បច្ចុប្បន្ន កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី ។ ចំណែកម៉ូតូ ត្រូវបានកម្លាំងជំនាញ ធ្វើការប្រគល់ជូនទៅម្ចាស់ដើមវិញ ៕

 

មតិយោបល់