ព័ត៌មានជាតិ

លុចស៊ីសស៊េរីទំនើប ៥៧០ ពន្លះកាមរីបាឡែន ខ្ទាតប៉ះបង្គោលលេខផ្លូវ រងការខូចខាត

ភ្នំពេញ: បុរសម្នាក់ រួមដំណើរដោយប្រុសស្រីបីនាក់ទៀត បានបើកលុចស៊ីស៥៧០ មួយគ្រឿង ទៅបុករថយន្តកាមរីបាឡែនមួយគ្រឿង ត្រង់ចំណុចផ្លូវបែកជាបួន បណ្តាលឲ្យរថយន្ត បាឡែនខ្ទាតទៅប៉ះបង្គោលស្លាកសញ្ញាលេខផ្លូវមួយដើមទ្រេត ចំណែករថយន្តទាំងពីរគ្រឿង ខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវ២៥៣ កែងនិងផ្លីវ១៥៦ ត្រង់ចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់២ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ រួមដំណើរដោយប្រុសស្រីបីនាក់ទៀត បើករថយន្តលុចស៊ីស LX-570 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-7583 ធ្វើដំណើរពីកើតទៅលិច តាមបណ្តោយផ្លូវ១៥៦។

មកដល់ផ្លូវបែកជាបួនចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿង ម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2N-0375 បើកបរដោយបុរសម្នាក់ រួមដំណើរនិងបុរសម្នាក់ទៀត តាមបណ្តោយផ្លូវ២៥៣ ទិសដៅពីជើងទៅត្បូង ចំផ្នែកខាងឆ្វេងខាងក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តបាឡែនខ្ទាត ទៅប៉ះបង្គោលស្លាកសញ្ញាប្រាប់លេខផ្លូវមួយដើមទ្រេត ចំណែករថយន្តទាំងពីរគ្រឿងខូចខាតយ៉ាងដំណំដូចគ្នា។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានឲ្យភាគីទាំសងខាងសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តលុចស៊ីស ៥៧០ បានចេញសំណងចំនួន៨០០ដុល្លារ ទៅឲ្យភាគីរថយន្តបាឡែន ដើម្បីបញ្ចប់រឿង៕

មតិយោបល់