ព័ត៌មានសិល្បៈ និងកម្សាន្ត

នោរាជ ប្រាប់មូលហេតុមិនទទួលសម្ដែង ក្រោយមានការទទួលស្គាល់

ថ្វីដ្បិតថាជាជាងផាត់មុខ ប៉ុន្តែលោក នោរាជ ត្រូវបានគេស្គាល់ថា ធ្លាប់បានប្រឡូកការសម្ដែង បានមួយចំនួនមកហើយ ដោយគ្រាន់តែរូបលោកមមាញឹក នឹងហាងសាគន និងអាជីពផាត់មុខខ្លាំងពេក ហើយដកខ្លួនពីការងារនោះ។ ក្នុងពិធីខួបកំណើតលោក អះអាងថា លោកមិនចង់ឆ្លេរឆ្លារ ចាប់នេះ មិនជាប់ ចាប់នោះមិនជាប់នោះទេ ទើបលោកមិនទទួលការសម្ដែង ក្រោយពេលមានការទទួលស្គាល់ ពីថ្វីដៃផាត់មុខ របស់លោកនៅក្នុងពិភពសិល្បៈ និងអតិថិជន។

លោក នោរាជ និយាយថា បើតាមតែលោកប្រឡូកការសម្ដែងបានមួយរយៈ ទីផ្សារសម្ដែងរបស់លោក ឈានឡើងមិនអន់នោះទេ បន្ទាប់ពីលោក បានក្លាយជាជាងផាត់មុខអោយកូនក្រមុំ អោយអ្នកធំៗ និងអោយតារាសិល្បៈ រាប់មិនអស់នៅក្នុងពិភពសិល្បៈ។ លោកថា ការសម្ដែងមិនតិចនោះទេ ដែលលោកច្រានចោល ហើយស្ទើរតែមិននឹកនាតែម្ដង នៅក្នុងពេលនេះ។

លោកបានថ្លែងនៅក្នុងពិធីខួបកំណើត កាលពីថ្ងៃទី២០ ឧសភា ដែលមានតារាៗចាស់ថ្មី ចូលរួមជាង៣០០នាក់ថា ក្នុងមួយខែលោក ទទួលចំណូលពីការផាត់មុខមិនក្រោម៣ពាន់ដុល្លារនោះទេ ដោយលោកក៏ត្រូវបានតារាៗ និងអ្នកមានភាគច្រើនទទួលស្គាល់ ហើយពេញចិត្តអោយផាត់មុខដល់កន្លែង និងជាប្រចាំ។ ក្រៅពីបើករាជសាឡន ផ្ទាល់ខ្លួន លោកក៏ទទួលផាត់មុខប្រចាំអោយហាងធំមួយ និងទទួលផាត់មុខដល់ផ្ទះផងដែរ ទើបលោកមិនអាចត្រលប់មកសម្ដែងដូចមុនបានទេ បើទោះជាលោកស្រទ្បាញ់ ហើយផលិតករ និងតារាដែលស្គាល់លោកច្រើនឡើង បានទាក់ទងអោយលោក ទទួលសម្ដែង។ លោកថាការងារផាត់មុខ បើហ៑ានតែទៅសម្ដែងប៉ាតណាប៉ាតណី គឺពិតជាដាច់ម៉ូតតែម្ដង ប្រសិនបើភ្ញៀវទាក់ទងហើយអវត្តមាន។

ដោយឡែកក្នុងពិធីខួបកំណើត ដែលបានធ្វើឡើងនោះ លោក នោរាជ បញ្ជាក់ថា ជាការប្រារព្ធទ្រង់ទ្រាយធំលើកទី១ និងជាពិធីដែលលោកសម្រេច ធ្វើដើម្បីអញ្ជើញមិត្តភក្ដិ និងតារាសិល្បៈ ដែលលោកបានផាត់មុខអោយជួបជុំគ្នា។

កញ្ញា វណ្ណា វត្តី តារាចម្រៀង និងជាតារាសម្ដែង ដែលបានចូលរួមក្នុងពិធីខួបរបស់លោក បានថ្លែងបញ្ជាក់ថា លោកនោរាជ គឺជាងផាត់មុខចំណានមួយរូប ដែលពូកែផាត់មុខតម្រូវតាមកម្មវិធីកម្ររកបាន។ កញ្ញា ពេញចិត្តជាងគេត្រង់ ថ្វីដៃគូចិញ្ចើម ដែលកម្រមានអ្នកផាត់មុខណាម្នាក់ជំនាញដូច ទើបកញ្ញា និងតារាមួយចំនួនរត់តែទៅរកលោក នោរាជ អោយផាត់មុខអោយ៕

មតិយោបល់