ភ្នំពេញៈ បុរសម្នាក់ បានជិះម៉ូតូស្កុបពីមួយគ្រឿងបោះពួយយ៉ាងល្បឿន មិនបានប្រុងប្រយ័ត្ន ដល់ចំណុចផ្លូវបំបែកបំបែកជាបួន ជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងចំពាក់កណ្តាលពេញទំហឹង រងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចខាងជើងកងរាជអាវុធហត្ថខណ្ឌទួលគោក តាមបណ្ដោយផ្លូវ១៥៦កែងនិងផ្លូវ២៥៧ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។
ដំណើររឿង៖ នៅមុនពេលកើតហេតុគេឃើញ បុរសម្នាក់បើកបររថយន្តស៊េរីទំនើប ១គ្រឿង ម៉ាក រ៉េនរ៉ូវើរ ពណ៌ស ពាក់ស្លាកលេខ 2AB-1888 ធ្វើដំណើពីជើងទៅត្បូង តាមបណ្ដោយផ្លូវ២៥៧ បើកឆ្លងកាត់ផ្លូវ១៥៦ បានពាក់កណ្តាលផ្លូវ ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកហុងដាស្កុបពី ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FI-8316 បើកបរដោយបុរសម្នាក់ពីលិចទៅកើត តាមបណ្ដោយផ្លូវ១៥៦ ក្នុងល្បឿយ៉ាងលឿន មិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តខាងលើចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសបែកក្បាលធ្ងន់ធ្ងរ។
ចំណែកឯម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ដោយឡែករថយន្តបានរងការខូចខាតបែកកញ្ចក់ និងក្រពឹតកាងទ្វារផ្នែកខាងមុខចំហៀងខាងស្តាំ។
ភ្លាមនោះអ្នកបើកបររថយន្ត មិនបានឈប់រថយន្ត ចុះមកធ្វើការដោះស្រាយគ្នានោះទេ បែរជាព្យាយាមបើករត់គេចខ្លួន ទៅមុខបានចម្ងាយប្រមាណ៥០០ម៉ែត្រ ក៏ត្រូវបានប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតឃើញ ក៏ជិះដេញតាមនិងស្ទាក់ឃាត់បាន។
ដោយតៃកុង បានបើករថយន្តត្រលប់មកកន្លែងកើតហេតុវិញ រួចក៏បានចុះពីលើរថយន្តគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល បន្សល់ទុកតែរថយន្តប៉ុណ្ណោះ។
ក្រោយពេញកើតហេតុបុរសរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយក ទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ព្រះកុសុមៈ ដោយឡែករថយន្ត និងម៉ូតូត្រូវសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួន មកធ្វើការដោះស្រាយ តាមផ្លូវច្បាប់៕
មតិយោបល់