ភ្នំពេញៈ នៅវេលាម៉ោង ១១និង៥៥នាទីយប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ជនជាតិបរទេសមួយក្រុម ត្រូវចោរមានគ្នា ២នាក់ ឆក់ទូរស័ព្ទពីដៃ ស្ថិតតាមបណ្ដោយផ្លូវ៣១០ កែងនិងផ្លូវ១១៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ឡាយ សង់ឌីន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្សសាលាវិទ្យាល័យផ្សារដើមថ្កូវថ្នាក់ទី៩ ជាអ្នកឆក់អង្គុយពីក្រោយ ចំណែកអ្នកបើកម៉ូតូឈ្មោះ វីន រតនៈ ភេទប្រុស អាយុប្រហែលគ្នាបើកម៉ូតូមិនចាំស្លាកលេខរត់បាត់ស្រមោល។
សភាពរឿងហេតុ៖ មុនពេលកើតហេតុ គេឃើញជនជាតិបរទេសមួយក្រុម មានប្រុសស្រីជិះកង់បី ធ្វើដំណើរតាមបណ្ដោយផ្លូវខាងលើ ពីលិចទៅកើតកំពុងចុចទូរស័ព្ទ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាក ហុងដា BEAT ពណ៌សលាយក្រហម មិនចាំស្លាកលេខ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ មួយគ្រឿង ពីដៃតែដោយសារ ជនរងគ្រោះកាន់ជាប់ក៏ទាញមកវិញ បណ្តាលឲ្យជនសង្ស័យម្នាក់ធ្លាក់ពីលើម៉ូតូ ត្រូវប្រជាពលរដ្ឋដេញតាមរហូតដល់ផ្លូវ៣០៤ ទើបចាប់បានស្វាគមន៍មួយដៃមួយជើង ឡើងទ្រោមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច។
ក្រោយកើតហេតុជនសង្ស័យ ត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី៣ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនបន្ត ទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដោះស្រាយតាមនីតិវិធីច្បាប់៕
មតិយោបល់