ព័ត៌មានជាតិ

តើអ្នកណាខុសពិតប្រាកដ៍ទៅ! បើខាងមណ្ឌលសង្គមកិច្ច ដឹកសាកសពទៅវត្ត អត់បានប្រាប់ក្រុមគ្រួសារ តាអាចារ្យលួចដុតឆេះអស់

ភ្នំពេញៈ វីវរហើយ សាកសពបុរសម្នាក់ត្រូវបានតាអាចារ្យភ្លុកដុតឆេះសឹងសុះអស់ទៅហើយ ក្រោយពីមណ្ឌលសង្គមកិច្ចរាជធានីភ្នំពេញ នៅភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ដឹកជនរងគ្រោះចេញពីមណ្ឌលថាយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង កាលពីវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ តែជាអកុសល ជនរងគ្រោះគ្រូពេទ្យបានពិនិត្យហើយ ស្លាប់មុននឹងដល់មន្ទីរពេទ្យទៅទៀត ក៏ដឹកយកទៅវត្តឫស្សីសាញ់ សង្កាត់ព្រៃស ខណ្ឌដង្កោ ដោយមិនបានប្រាប់ទៅក្រុមគ្រួសារសពផង ទាំងខាងមណ្ឌល ទាំងតាអាចារ្យ លួចដុតសពចោល ឆេះសុះអស់ទៅហើយ កាលពីវេលាម៉ោង១រសៀល ថ្ងៃដដែល ទើបផ្អើលឆោឡោ ក្រុមគ្រួសារ សមត្ថកិច្ច ដើរស្វែងរកសាកសព ទម្រាំដឹងគោលដៅ ដូចជាលាក់លៀម ក្រុមគ្រួសារ មិនសុខចិត្ត ប្រគល់ឲ្យសមត្ថកិច្ច ស្រាវជ្រាវនិងជួយរកយុត្តិធម៌ ។

សាកសពឈ្មោះ នួន រដ្ឋា ភេទប្រុស អាយុ២៧ឆ្នាំ ជាមនុស្សញៀនថ្នាំ និងសតិមិនប្រក្រតី មានទីលំនៅ សង្កាត់ដង្កោ ខណ្ឌដង្កោ ត្រូវបានក្រុមគ្រួសារ នាំយកទៅដាក់នៅមណ្ឌល សង្គមកិច្ច រាជធានីភ្នំពេញ ភូមិស្រែជម្រៅ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ មកម្លេះ ដោយធ្វើឯកសារ ដាក់ជាជនអនាថា ។

តាមប្រភពដូចជាលាក់លៀម ពីខាងមណ្ឌល នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ជនរងគ្រោះ មានអាការៈ ចុកចុងដង្ហើម ហើយត្រូវបានខាងមណ្ឌល ដឹកតាមរថយន្តមណ្ឌល យកទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ហើយបានស្លាប់ សុំឲ្យពេទ្យធ្វើឯកសារ មរណៈភាពដើម្បីយកទៅបូជានៅវត្តឫស្សីសាញ់ ភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ ដោយប្រាប់តាអាចារ្យ រងចាំដល់ម៉ោង៣រសៀល ចាំបូជា តែតាអាចារ្យ មិនដឹងយ៉ាងម៉េច គ្មានអ្នកនៅមើលផង ស្រាប់តែម៉ោងទើប១ រសៀល តាអាចារ្យដុត សពឆេះអស់ ។

តាមការសាកសួរទៅខាងមន្ទីរពេទ្យ បានឲ្យដឹងថា ជនរងគ្រោះស្លាប់ មុនចូលដល់មន្ទីរពេទ្យទៅទៀត ហើយខាងមណ្ឌល សុំឲ្យជួយធ្វើឯកសារ ថាយកសពទៅធ្វើបុណ្យនៅវត្តឫស្សីសាញ់ ។

តាមមតិមហាជនបានលើកឡើងថា ការស្លាប់របស់បុរសខាងលើ ដូចអាថ៌កំបាំង លាក់លៀមពត៌មានច្រើន ហើយបង្ខំដុតសពចោល ទាំងមិនផ្តល់ពត៌មានដល់ក្រុមគ្រួសារសព ហាក់ដូចជាបំបាត់ដានចោលអិញ្ចឹង ។

ទោះជាយ៉ាងណាក្តី ក្រោយបែកធ្លាយ ជនរងគ្រោះស្លាប់ ក្រុមគ្រួសារ តាមស្វែងរក ហើយទៅដល់ វត្តឫស្សីសាញ់ ទាំងអារម្មណ៍ក្តុកក្តួល និងហួសចិត្ត មិនគួរណា ខាងមណ្ឌល មិនផ្តល់ពត៌មានសោះ ហើយ លោកតាអាចារ្យ លួចដុតសាកសពចោលខុសម៉ោងទៀត ។

ករណីដោយមិនប្រក្រតីខាងលើ ក្រុមគ្រួសារ ជនរងគ្រោះ មិនសុខចិត្តឡើយ រឿងរ៉ាវខាងលើ ប្រគល់ឲ្យសមត្ថកិច្ច ស្រាវជ្រាវ និងជួយរកយុត្តិធម៌ សម្រាប់ជនរងគ្រោះ ព្រោះរឿងរ៉ាវ មានការលាក់លៀមច្រើន ខណៈដែលសមត្ថកិច្ច ចុះទៅសាកសួរដល់មណ្ឌល តែខាងមណ្ឌមិនអនុញាតិឲ្យចូលឡើយ សុខចិត្តប្រាប់ឲ្យទៅវត្តវិញ ៕

 

មតិយោបល់