ព័ត៌មានជាតិ

ម៉ូតូបើកលឿន ទៅបុកអ្នកបណ្តើរកង់ឆ្លងផ្លូវ បណ្ដាលឲ្យរបួសធ្ងន់ ២នាក់

ភ្នំពេញ: បុរសម្នាក់ ជិះម៉ូតូមួយគ្រឿងបោះពួយយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកកង់ចំពាក់កណ្តាលពេញទំហឹង កាលពីវេលាម៉ោង៦ និង៥០នាទីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខខ្លោងទ្វារវត្តសំរោងអណ្ដែត តាមបណ្តោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកម៉ូតូមួយគ្រឿង ម៉ាកស៊ុយស័រគីឡេត ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1HH-1691 ធ្វើដំណើរពីត្បូងទៅជើង តាមបណ្ដោយផ្លូវហាណូយ ក្នុងល្បឿនយ៉ាងលឿន។

មកដល់ចំណុចកើតហេតុ ក៏មានស្ត្រីម្នាក់បានបណ្ដើរកង់មួយគ្រឿង ពណ៌ក្រហម ដោយមានដឹកក្មេងស្រីអាយុ១ខួបកន្លះម្នាក់ពីក្រោយ ចេញមកពីទិញទឹកក្រឡុកនៅតូបខាងលើកើតផ្លូវហាណូយ បំណងឆ្លងទៅខាងលិចផ្លូវវិញ ដើម្បីត្រលប់ទៅបន្ទប់ជួល ដែលនៅក្បែរកន្លែងកើតហេតុ។

ដោយម៉ូតូបើកលឿន ក៏ជ្រុលទៅបុកកង់ចំពាក់កណ្តាលពេញទំហឹង បណ្ដាលឲ្យកង់រងការខូចខាត។ ចំណែកឯស្ត្រីដែលជាអ្នកបណ្តើរកង់រងរបួសបែកក្បាលធ្ងន់ធ្ងរ និងក្មេងស្រីម្នាក់ទៀតរងរបួសស្រាល និងម៉ូតូរងការខូចខាតវៀចដៃចង្កូត បណ្តាលឲ្យបុរសដែលជាអ្នកបើកបរសន្លប់ស្ដូកស្ដឹង។

ភ្លាមៗនោះក៏សមត្ថកិច្ចមូលដ្ឋាន រួមជាមួយនិងរថយន្តសង្គ្រោះបន្ទាន់ របស់គ្លីនិកឯកជនមហានគរ បានចុះមកធ្វើការអន្តរាគមន៍ដឹកយកជនរងគ្រោះ ដែលរបួសធ្ងន់ធ្ងរទាំងពីរនាក់ទៅសង្គ្រោះភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុ ក៏មានសាច់ញាតិស្ត្រីរងគ្រោះ បានមកទទួលយកក្មេងស្រី ដែលរងរបួសស្រាលទៅព្យាបាល ដោយឡែកវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់៕

មតិយោបល់