ព័ត៌មានជាតិ

ជនជាតិចិនស្រវឹងស្រា បើករថយន្តស៊េរីទំនើបម៉ាកស័រដេស បុកទ្រូងផ្លូវ នៅមជ្ឈម ណ្ឌលកោះពេជ្រ ក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: យុវជនជាជនជាតិចិនម្នាក់ បានស្រវឹងស្រាជោកជាំ ហើយបើករថយន្តស៊េរីទំនើបមួយគ្រឿង ទៅបុកទ្រូងផ្លូវនៅមជ្ឈមណ្ឌលកោះពេជ្រ បណ្ដាលឲ្យបាក់អស់២កង់ និងរថយន្តក្រឡាប់ផ្ងារជើងមួយចំហៀង រងការខូចខាតយ៉ាងដំណំ តែមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្សទេ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង២០នាទីទៀបភ្លឺ ឈានចូលថ្ងៃពុធទី២២ ខែឧសភា ឆ្នាំ ២០១៩ តាមបណ្ដោយផ្លូវវិថីកោះពេជ្រ ក្នុងមជ្ឈមណ្ឌលកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

អ្នកបើករថយន្តបង្ក ជាជនជាតិចិនមានវ័យប្រហែល១៩ទៅ២០ឆ្នាំតែប៉ុណ្ណោះ។

ប្រភពពីសន្តិសុខ ដែលប្រចាំការនៅក្បែរកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាក ម៉ាកស័រដេស GL350 ពណ៌ស ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ 2AM-7698 បើកបរដោយយុវជនម្នាក់ជាជនជាតិចិន ក្នុងស្ថានភាពស្រវឹងស្រាឡើងជោកជាំ ជាមួយល្បឿនយ៉ាងលឿន មកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរបាំងថ្មបាក់បែកចំនួន២កង់ ឯរថយន្តបង្កបានក្រឡាប់ផ្ងារជើងមួយចំហៀង ខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុ តៃកុងរថយន្តបង្ក បានទាក់ទងទៅមិត្តភក្ដិឲ្យមកទទួលដែរ តែត្រូវបានសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ហើយបានធ្វើការវាស់វែង យករថយន្តទៅរក្សាទុក ដើម្បីដោះស្រាយតាមនីតិវិធីពេលក្រោយ៕

មតិយោបល់