ថៃៈ ជនជាតិខ្មែរម្នាក់ ដែលរស់នៅក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងជាមុខសញ្ញាចែកចាយគ្រឿងញៀនទ្រង់ទ្រាយធំនោះ ត្រូវបានតម្រួតថៃប្រើល្បិចដាក់អន្ទាក់ដើម្បីឃាត់ខ្លួន ខណៈដែលជនសង្ស័យខាងលើកំពុងនាំយកគ្រឿងញៀនទៅលក់ឲ្យជនជាតិថៃតាមការសន្យា ។
ការឃាត់ខ្លួននេះបានប្រព្រឹត្តឡើងកាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ នៅត្រង់ចំណុចក្នុងបរិវេណមន្ទីរពេទ្យស្រុកតាផាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ បន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួន និងសាកសួរទៅលើមុខសញ្ញាចែកចាយគ្រឿងញៀនបន្តដែលបានទិញពីជនជាតិខ្មែររូបនេះ នាពេលកន្លងមក ។
យោងតាមរបាយការណ៍របស់ក្រុមតម្រួតថៃបានបញ្ជាក់ថា នៅមុនពេលចុះកិច្ចប្រតិបត្តិការនេះគឺកំលាំងបានឃាត់មុខសញ្ញាចែកចាយម្នាក់ឈ្មោះ ស៊ុ សាក់ ឬសាក់ ឈិនហុង ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិ១៥ ឃុំថាប់រាជ ស្រុកតាផាយ៉ា ខេត្តស្រះកែវ ព្រមទាំងបានដកហូតគ្រឿងញៀនប្រភេទយ៉ាម៉ាចំនួន ១០ គ្រាប់ ដោយបាននាំខ្លួនយកទៅធ្វើការសាកសួរបន្ត ។
តាមចំលើយសារភាព គឺជនសង្ស័យដែលជាជនជាតិថៃរូបនេះបានសារភាពថាថ្នាំញៀននេះគឺខ្លួនបានទិញពីឈ្មោះ ឆឺន ឆុំ ភេទប្រុស អាយុ៤០ឆ្នាំ ដែលរស់នៅភូមិ៦ ឃុំខូកឡាន ស្រុកតាផាយ៉ា ដោយសមត្ថកិច្ចបានដកហូតថ្នាំញៀនបានចំនួន ១៩៣គ្រាប់ ហើយក៏បាននាំខ្លួនយកទៅសាកសួរថែមទៀតដើម្បីតាមរកមេក្លោងធំ ។ នៅទីបំផុតចំលើយសារភាពរបស់ជនសង្ស័យបានបញ្ជាក់យ៉ាងច្បាស់ថា គឺរូបគេបានទិញពីជនជាតិខ្មែរម្នាក់ ដែលតែងតែទំនាក់ទំនងគ្នាតាមរយៈទូរស័ព្ទ ដោយគេជាអ្នកយកថ្នាំញៀនយកមកឲ្យដល់ក្នុងទឹកដីថៃផ្ទាល់តែម្តង ។
នៅពេលនោះគឺសមត្ថកិច្ចបានរៀបចំផែនការដើម្បីដាក់អន្ទាក់ចាប់មេក្លោងចែកចាយគ្រឿងញៀនដែលជាជនជាតិខ្មែរ ក្នុងគោលបំណងបោសសំអាតឲ្យដល់ឫសតែម្តង ទើបបានរៀបចំផែនការណ៍ដោយឲ្យឈ្មោះ ឆឺន ឆុំ ជាអ្នកទូរស័ព្ទទាក់ទងទិញជាធម្មតាដូចគ្រាកន្លងមក ប៉ុន្តែលើកនេះក្រុមតម្រួតបានកំណត់ឲ្យទិញចំនួន៦០០គ្រាប់ ដោយណាត់ទីតាំងដោះដូរគឺនៅក្នុងមន្ទីរពេទ្យស្រុកតាផាយ៉ា ប៉ុន្តែនៅពេលនោះគឺភាគីខ្មែរបានតម្រូវឲ្យឈ្មោះ ឆុំ វេរលុយទៅជាមុនចំនួន៣មុឺនបាតសិន ទុកជាការកក់មុន គឺនៅពេលនោះហើយដែលក្រុមតម្រួតបានសម្រេចចិត្តវេរលុយទៅឲ្យមុខសញ្ញាដែលជាជនជាតិខ្មែរនូវទឹកប្រាក់ចំនួន៣មុឺនបាត ។
លុះនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១៣ ខែកក្កដានេះ គេសង្គេតឃើញថា មុខសញ្ញាបានបង្ហាញខ្លួនដោយគេបានជិះម៉ូតូទៅកាន់ទីតាំងដែលបានកំណត់ ទើបក្រុមតម្រួតថៃធ្វើការឃាត់ខ្លួនតែម្តង ដោយឆែកឆេររកឃើញគ្រឿងញៀនចំនួន៦០៦គ្រាប់ ដែលជនសង្ស័យលាក់ទុកនៅក្នុងហោបៅ៉ខោខាងស្តាំ ហើយជននេះមានឈ្មោះ ចិន វុធចិន្តា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយបច្ចុប្បន្នសមត្ថកិច្ចថៃត្រៀមបញ្ជូនខ្លួនជនជាតិខ្មែរ រួមទាំងវត្ថុតាងទៅកាន់តុលាការ ហើយដើម្បីចាត់វិធានការតាមច្បាប់៕
មតិយោបល់