ព័ត៌មានជាតិ

ឧបការីក្រសួងការបរទេសអាមេរិក ធ្វើទស្សនកិច្ច២ថ្ងៃ នៅកម្ពុជា

ភ្នំពេញៈ លោក Tom Malinowski ឧបការីរដ្ឋមន្រ្តី នៃក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកផ្នែកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ (DRL) នឹងធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីបញ្ជាក់ពីសារៈសំខាន់នៃសិទ្ធិមនុស្ស នៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជា នាថ្ងៃទី១៣ ខែកក្កដានេះ។

សេចក្ដីប្រកាសព័ត៌មាន បន្តឲ្យដឹងថា នៅថ្ងៃទី១៨ ខែកក្កដា លោកឧបការីរដ្ឋមន្រ្តី Malinowski នឹងជួបជាមួយមន្រ្តីរដ្ឋាភិបាល សមាជិកនៃគណបក្សប្រឆាំង ក្រុមសង្គមស៊ីវិលក្នុងស្រុក និងតំណាងទីភ្នាក់ងារអន្តរជាតិ ដើម្បីពិភាក្សាពីសារៈសំខាន់នៃការបោះឆ្នោត ដែលមានភាពសេរី និងយុត្តិធម៌នៅកម្ពុជា។ លោកក៏នឹងរំឭកឲ្យកម្ពុជា លើកកម្ពស់បទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ហើយធានាការការពារអង្គការសិទ្ធិមនុស្ស។ លោកឧបការីរដ្ឋមន្រ្តី នឹងទៅទស្សនាសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ដើម្បីស្វែងយល់បន្ថែមទៀត ពីប្រវត្តិសាស្រ្តនៃអតីតពន្ធនាគារ និងមជ្ឈមណ្ឌលសួរចម្លើយនេះ។

លុះនៅថ្ងៃទី១៩ ខែកក្កដា លោកឧបការីរដ្ឋមន្រ្តី Malinowski នឹងចូលរួមនៅក្នុងការសំណេះសំណាលជាមួយយុវជនកម្ពុជា លើប្រធានបទនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិក។ ពិធីនេះ នឹងប្រព្រឹត្តទៅនៅបណ្ណាល័យនៃស្ថានទូតអាមេរិក នៅក្នុងសាកលវិទ្យាល័យបញ្ញាសាស្រ្តក្នុងបរិវេណខាងត្បូង ហើយអ្នកចូលរួមមានសមាជិកនៃក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតអាមេរិក សមាជិកនៃកម្មវិធីរបស់លោកប្រធានាធិបតី Obama ដែលមានឈ្មោះថា គំនិតផ្តួចផ្តើមស្តីពីមេដឹកនាំយុវជននៅអាស៊ីអាគ្នេយ៍ (YSEALI) ដែលមានបំណងពង្រឹងការអភិវឌ្ឍភាពជាអ្នកដឹកនាំ និងការទំនាក់ទំនងគ្នាជាបណ្តាញនៅក្នុងចំណោមយុវជននៅអាស៊ីអាគ្នេយ៍៕

Tom Malinowski

មតិយោបល់