ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីឆក់និងប្រើប្រាស់អាវុធខុសច្បាប់បានជាច្រើននាក់…

ព្រះសីហនុ:នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង០៤និង៣០នាទី ទៀបភ្លឺ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានទទួលបានព័ត៌មានថា មានជនសង្ស័យ០២នាក់ ជិះម៉ូតូ ០១គ្រឿង ម៉ាក ស្កុបពី ពណ៌ខ្មៅ គ្មានផ្លាកលេខ ធ្វើសកម្មភាព ឆក់កាបូបបុរសជនជាតិចិន០១នាក់ នៅចំណុចកែងផ្លូវលេខ៥០២ ស្ថិតនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងដោយមានការចុះដឹកនាំសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ជាលទ្ធនៃការស្រាវជ្រាវ កម្លាំងសមត្ថកិច្ចយើងឃាត់ខ្លួនបានជនសង្ស័យសរុបចំនួន ១៥នាក់ (ស្រី៦) ជាបន្តបន្ទាប់យកមកធ្វើការសាកសួរ ។ បន្ទាប់ពីធ្វើការសាកសួរ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ឃើញថា ជនសង្ស័យដែលជាប់ពាក់ព័ន្ធក្នុងករណី នេះមានចំនួន ០៦នាក់ ភេទប្រុស ។ជនរងគ្រោះឈ្មោះ WANG SHUNGANG ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរ រកស៊ី លិខិតឆ្លងដែនលេខ: E16736440 មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
សម្ភារ:បាត់បង់មាន កាបូបកៀបក្លៀក ០១ ពណ៌ខ្មៅ ម៉ាក GUCCl លុយចំនួន ២១,០០០$ (ពីរម៉ឺនមួយពាន់ដុល្លារអាមេរិក) លិខិតឆ្លងដែន ០១ក្បាល ប័ណ្ណការងារ ០១សន្លឹក និងឯកសារផ្សេងៗមួយចំនួន ។ជនសង្ស័យទាំង០៦នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ កោ ច័ន្ទតារាប្រាថ្នា ហៅ ជីងងី អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
២-ឈ្មោះ សាន ឧត្តម ហៅ ដំ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
៣-ឈ្មោះ ខុម ប្រុស ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៤-ឈ្មោះ កៅ ថាយី ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៥-ឈ្មោះ យឿន ភត្រ្តា ហៅ ចក់ ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៦-ឈ្មោះ កែវ លាភសំណាង ហៅ គ័ង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។សម្ភារវត្ថុតាងរួមមាន៖
កាបូបស្ពាយកៀបក្លៀក ០១ ពណ៌ខ្មៅ មានលិខិតឆ្លងដែន ០១ក្បាល ,ប័ណ្ណការងារ ០១សន្លឹក និងឯកសារមួយចំនួន កាបូបស្ពាយចំហៀង ម៉ាក GUCCI ពណ៌ប្រផេះ ០១ កាបូបស្ពាយចំហៀង ម៉ាក GUCCI ពណ៌ទឹកដោះគោ ០១ សំបកខេសទូរស័ព្ទ ០៥ អាវុធខ្លី ០១ដើម ម៉ាក SIGSAUER ពណ៌ខ្មៅ មានលេខ: C1YSSPSYS03 22 08061 បង់១ មានគ្រាប់ ១ ម៉ូតូចំនួន ០៤គ្រឿង ម្សៅក្រាមពណ៌ស (សង្ស័យជាសារធាតុញៀន) ០៩កញ្ចប់ ម្សៅពណ៌ស (សង្ស័យជាសារធាតុញៀន) ០៨កញ្ចប់ ម្សៅពណ៌ សំបកថង់វេចខ្ចប់មានអក្សរ FANTA (សង្ស័យជាសារធាតុញៀន) ១០កញ្ចប់ ជញ្ជីងផ្លឹង ០១គ្រឿង ថង់វេចខ្ចប់មួយចំនួន និងឧបករណ៍ប្រើប្រាស់មួយចំនួន ។ចំពោះមនុស្សចំនួន ០៩នាក់ (ស្រី៦ ,ប្រុស៣) ដែលកម្លាំងសមត្ថកិច្ចយើងឃាត់យកមកធ្វើការសាកសួរ បន្ទាប់ពីធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ឃើញថាមិនជាប់ពាក់ព័ន្ធក្នុងករណីនេះទេ ហេតុដូចនេះ គោរពស្នើសុំគោលការណ៍ធ្វើការអប់រំឲ្យត្រឡប់ទៅវិញ ។ចំពោះជនសង្ស័យទាំង ០៦នាក់ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ។ចំពោះវត្ថុតាងពាក់ព័ន្ធជាមួយករណី គ្រឿងញៀន បានប្រគល់ជូនការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីបន្តនីតិវិធី ៕

មតិយោបល់