ព័ត៌មានជាតិ

លុចស៊ីស RX300 ត្រូវមនុស្ស៤នាក់ ដណ្តើមអះអាងជាម្ចាស់ ឈ្លោះគ្នាបែកផ្សែង ផ្អើលតាមផ្លូវ

ភ្នំពេញៈ រថយន្តលុចស៊ីសRX300 មួយគ្រឿងទៀតហើយ ពាក់ព័ន្ធទៅនឹងការទិញ ជួលលក់ បង់រំលស់ ជាមួយក្រុមហ៊ុន ណំ ហម និង សេង ហួត ល្បីសុះសាយទៅហើយ ជាក្រុមហ៊ុនបោកប្រាស់ ប្រជាពលរដ្ឋរាប់រយនាក់រងគ្រោះ ត្រូវបានប្រទះជួប នាព្រឹកថ្ងៃទ២២ ខែឧសភា ឆ្នាំ២០១៩ នៅមុខព្រលានយន្តហោះ ពោធិចិនតុង ផ្លូវសហព័ន្ធរុស្សី ភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ហើយមានមនុស្សចំនួន៤នាក់ អះអាងថាជាម្ចាស់ បានជួល និងទិញបង់រំលស់ ពីក្រុមហ៊ុនទាំងខាងលើ ប្រកែកតឹងមាត់ដាក់គ្នា ផ្អើលតាមផ្លូវ រហូតសមត្ថកិច្ចចុះទៅអន្តរាគមន៍ ។

រថយន្តខាងលើម៉ាកលុចស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2P-6210 ។
តាមស្ត្រីចំណាស់ម្នាក់ អះអាងថា ជារថយន្តខ្លួន បានជួលឲ្យទៅក្រុមហ៊ុន ណំ ហម នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ហើយជួលមិនទាន់បានលុយផង បាត់រថយន្ត បែរជារកឃើញរថយន្ត ក្រុមហ៊ុន សេង ហួត យកទៅបង់រំលស់ឲ្យអ្នកផ្សេង ពីម្នាក់ទៅម្នាក់បាត់ ។

តាមបុរសចំនួន៣នាក់ទៀត បានឲ្យដឹងថា រថយន្តខាងលើ ខ្លួនបានទិញបង់រំលស់ ពីក្រុមហ៊ុន សេង ហួត ដែលមានលោកអគ្គនាយក ជំនាញខាងឆបោក ឈ្មោះ សេង សុភគ៌ មានទីតាំងនៅ ផ្ទះជួល៦២៧ តាមផ្លូវលំ ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។ ហើយក្នុងម្នាក់ៗ បង់លុយអស់ចំនួនជិត១ ម៉ឺនដុល្លារទៅហើយ។

ដោយសារផ្ទុះរឿង ករណីទិញលក់ជួល បង់រំលស់ រថយន្តពីក្រុមហ៊ុនខាងលើ ទើបសមត្ថកិច្ច ចាប់ខ្លួនជនសង្ស័យជាអគ្គនាយក សេង សុភគ៌ ឡើងតុលាការ ឃុំខ្លួនដាក់គុកបាត់ទៅហើយ តែរថយន្តនៅតែឃើញ ជាបន្តបន្ទាប់ ខណៈមួយគ្រឿង មានម្ចាស់រហូតដល់ពី៣ទៅ៦នាក់ឯណោះ។

ករណីខាងលើនេះ សមត្ថកិច្ច បានហៅនាំអ្នកពាក់ព័ន្ធ យកទៅសម្របសម្រួល នៅប៉ុស្តិ៍កាកាប១ ហើយបានផ្ទៀងផ្ទាត់ឯកសារ ម្ចាស់រថយន្តម្នាក់ ឈ្មោះ ហៀង វីរៈ អាយុ៣៧ មានទីលំនៅ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ មានពាក្យបណ្តឹង នៅក្រសួងមហាផ្ទៃ មានដីកាសម្រេចពីតុលាការ សុំប្រើប្រាស់រថយន្តមួយគ្រឿងខាងលើ ទើបសមត្ថកិច្ច ប្រគល់រថយន្តលុចស៊ីស RX300 ខាងលើ ទៅឲ្យម្ចាស់អ្នកប្រើប្រាស់ ដើម្បីបញ្ចប់រឿង ហើយក្នុងករណីអ្នកអះអាងថា ជាម្ចាស់ មិនសុខចិត្តយ៉ាងណា ទៅដាក់ពាក្យបណ្តឹង នៅក្រសួងមហាផ្ទៃបន្ត៕

មតិយោបល់