ព័ត៌មានជាតិ

យុវជនពីរនាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណី…

កណ្ដាលៈ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៧និង២០នាទីយប់យុវជន២នាក់ជិះម៉ូតូឌុបគ្នា ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីនារីម្នាក់កំពុងជិះម៉ូតូ រួចបើករត់គេចខ្លួន ចៃដន្យបើកទៅបុករ៉ឺម៉កកង់បីដួល ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២១អា មុខសាលាវិក្រឹត្យការខេត្តកណ្តាល ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនសង្ស័យទី១-ឈ្មោះ ផន ពន្លឹ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបររត់រ៉ឺម៉កកង់បីដឹកពងទា និងទី២-ឈ្មោះ ផល ផៃ ភេទប្រុស អាយុ២២ឆ្នាំ
បច្ចុប្បន្នស្នាក់នៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រីឯនារីគ្រោះពុំស្គាល់អត្ដសញ្ញាណ។

វត្ថុតាងដកហូតបានមាន៖ ម៉ូតូ ហុងដាឌ្រីម ប្រើប៊ិច ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ1BX-7855 ១គ្រឿង និងកាបូបស្ពាយ ពណ៌ខ្មៅចំនួន១ ។

សភាពរឿងហេតុ៖ នៅមុនពេលកើតហេតុ នារីរងគ្រោះបានជិះម៉ូតូ ដោយបើកបរម៉ូតូបណ្ដើរ ដៃចុចទូរស័ព្ទបណ្ដើរ លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ ២នាក់ ជិះម៉ូតូឌុបគ្នា ពុំដឹងជិះមកពីណាក៏ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរងគ្រោះ រួចបើកម៉ូតូរត់គេចខ្លួន តែចៃដន្យអាក្រក់ជ្រុលទៅបុករ៉ឺម៉កកង់បី បណ្ដាលឲ្យដួល ភ្លាមៗនោះប្រជាពលរដ្ឋជិតខាងបានធ្វើការឃាត់ខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ចក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកនារីរងគ្រោះបានយកទូរស័ព្ទរបស់ខ្លួនវិញ រួចជិះម៉ូតូចេញទៅបាត់ ។
ចំពោះជនសង្ស័យទាំង ២នាក់ខាងលើនេះ សមត្ថកិច្ចជំនាញ កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់ ៕

មតិយោបល់