ភ្នំពេញៈ ឃាត់ខ្លួនយោធាម្នាក់ ពាក់ព័ន្ធប្រើប្រាស់អាវុធ ដោយគ្មានការអនុញ្ញាត និងប្រើប្រាស់ហិង្សា ដោយចេតនា បន្ទាប់ពីផឹកស៊ីស្រវឹង បង្កហិង្សាក្នុងគ្រួសារ រហូតមានការប្រតាយប្រតប់គ្នា ជាមួយកូនប្រពន្ធ និងយកកាំភ្លើងខ្លីមកសម្ញែងជនរងគ្រោះ សង្ស័យផ្តើមចេញពីរឿងប្រចណ្ឌប្រពន្ធ។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង២២ និង៣០នាទីនៅ ត្រង់ចំណុចតូបលក់ដូរ គ្មានលេខ ផ្លូវលេខ១៥១ ភូមិធំត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ង៉ុយ សឿន ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលេខ១៥១ ភូមិធំត្បូង សង្កាត់ពញាពន់ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ យ័នម៉េតភេទស្រី អាយុ៤០ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលេខ១៥១ ភូមិធំត្បូង សង្កាត់ពញាពន់ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សម្ភារៈដកហូតកាំភ្លើងខ្លីម៉ាកPO(ប៉េស៊េរ៉ូវីត) លេខ៤៦៥១ ចំនួន ០១ដើម។
តាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានអង្គុយផឹកស្រាបៀរ នៅតូបលក់របស់ខ្លួន ជាមួយក្មួយប្រុស និងអ្នកជិតខាងចំនួន២នាក់ទៀត។
លុះដល់វេលាម៉ោង២២ និង៣០នាទី អ្នកផឹកជាមួយជនសង្ស័យ ក៏បានបំបែកគ្នាទៅផ្ទះរៀងៗខ្លួន ចំណែកជនសង្ស័យ ក៏បានស្តីបន្ទោសឲ្យប្រពន្ធថា មិនទាន់បិតតូប តែជនរងគ្រោះ មិនតបភ្លាមនោះ ជនសង្ស័យក៏បានយកកំប៉ុងទឹកផ្លែឈើ និងកញ្ច្រែងគប់ទៅលើអំពូលភ្លើង ឃើញដូចនេះជនរងគ្រោះ ក៏បានទៅឃាត់តែត្រូវជនសង្ស័យ ច្រានចេញនិងបានយកធុងទឹកតូច គប់ទៅលើជនរងគ្រោះទៀត តែក៏ត្រូវជនរងគ្រោះគេចផុត។
បន្ទាប់មកជនសង្ស័យ ក៏បានទាញពូថៅនៅក្រោមគ្រែ ក្នុងគោលបំណងគប់មកលើជនរងគ្រោះ ឃើញបែបនេះ ឈ្មោះ សឿន សុជាតា ត្រូវជាកូនស្រី និងឈ្មោះ ស្រី ខែម ជាក្មួយ ក៏បានរត់មកឃាត់ ដកយកពូថៅចេញពីជនសង្ស័យ និងបានឲ្យជនរងគ្រោះជាម្តាយគេចចេញ។
ភ្លាមៗនោះ ឈ្មោះ ស្រីខែម ត្រូវបានជនសង្ស័យ ចាប់បោចសក់ រួចមកឈ្មោះស្រីខែម ក៏បានរត់ចេញពីកន្លែកកើតហេតុ ដោយមិនអស់ចិត្ត ជនសង្ស័យក៏ទៅយកកាំភ្លើង នៅក្រោមគ្រែដេករបស់ខ្លួន មកដេញតាមឈ្មោះ ស្រីខែម ដែលត្រូវជាក្មួយ ដោយឃើញស្ថានភាពមិនស្រួល ប្តីរបស់ឈ្មោះស្រីខែម បានរត់មកចាប់យកកាំភ្លើងពីជនសង្ស័យ រួចបោះចូលក្នុងទឹកបឹងតែម្តង។
ក្រោយពីទទួលបានដំណឹងភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់ បានចុះមកដល់កន្លែងកើហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យ យកទៅសាកសួរនៅប៉ុស្តិ៍ និងបានបញ្ចូនមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿង បញ្ចូនទៅតុលាការចាត់ការតាមច្បាប់៕
មតិយោបល់