ព័ត៌មានជាតិ

ចោរលួចម៉ូតូសន្តិសុខក្រុមហ៊ុន ខេមបូឌា អ៊ែវេ កាច់សោ.កដេរមិនឆេះ ប៊ិះទៅហើយ

ភ្នំពេញ: នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៧ និង ០០ នាទី នៅចំណុចអាគារខេមបូឌាអ៊ែវេ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

មានករណីលួចកាច់សោក ម៉ូតូ មួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅផលិតឆ្នាំ២០១៥មានលេខតួនិងលេខម៉ាស៊ីន ៩៣៥០៨៥១ ពាក់ស្លាកលេខភ្នំពេញ 1DG-4390 បង្កឡើងដោយជន សង្ស័យ២នាក់។

ជនសង្ស័យទី១ឈ្មោះ ឆេន រតនា ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅបន្ទប់ជួល សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានសារធាតុញៀន (ឃាត់ខ្លួន)
ចំណែកទី២ឈ្មោះ ភ័ក្រ្ត ភេទប្រុស អាយុប្រហែល៣១ ឆ្នាំមុខរបរបើកឡានក្រុង ស្នាក់នៅបន្ទប់ជួល សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (គេចខ្លួនបាត់)។

ជនរងគ្រោះឈ្មោះ ឡៅ ឌី ភេទប្រុសអាយុ ៣៤ ឆ្នាំមុខរបរសន្តិសុខក្រុមហ៊ុន ខេមបូឌា អ៊ែវេ មានទីលំនៅភូមិកន្ទោកជើង សង្កាត់ កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ ក្រុមជនសង្ស័យ បានជិះម៉ូតូឌុបគ្នា ពីទួលសង្កែ មកកន្លែងទុករថយន្តក្រុង ម្តុំមុខព្រលានយន្តហោះពោធិ៍ចិនតុង លុះមកដល់ជិតចំណុច ខេមបូឌា អែរវេ ស្ថិតក្នុងភូមិក្បាលដំរី ក៏បានឃើញម៉ូតូខាងលើ ចតទុកដោយមើលឃើញមានឱកាស ក៏ធ្វើសកម្មភាពកាច់សោ.ក រួចដេរតែមិនឆេះ ក៏បណ្តើរបានប្រហែល១០ម៉ែត្រ ត្រូវម្ចាស់ឃើញទាន់ ក៏ស្រែកឆោឡោ ផ្អើលអស់ប្រជាពលរដ្ឋ ចាប់ឃាត់បានម្នាក់ និងម្នាក់ទៀតរត់រួច ហើយបានរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ។

សម្ភារ:ដកហូតបាន៖ – ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ មានលេខតួនិងលេខម៉ាស៊ីន ៩៣៥០៨៥១ (ត្រូវជនរងគ្រោះ បានស្នើសុំទៅវិញ) – ផ្លែទួឡឺវីស កែឆ្នៃ សម្រាប់កាច់ សោ.កម៉ូតូចំនួន១ជារបស់ជនសង្ស័យ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានប្រគល់ឲ្យផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌ ដើម្បីធ្វើកាសាកសួរបន្តតាមជំនាញ និងឃុំខ្លួនជាបណ្តោះអាសន្ន ចាត់ការតាមនិតិវិធី៕

មតិយោបល់