ព័ត៌មានជាតិ

ហ៊ានអីហ៊ានយ៉ាងនេះ! ចូលភូមិគ្រឹះលួចលុយ គ្រឿងអលង្ការ ម្ចាស់ទាន់ចាប់ខ្លួនបាន

ភ្នំពេញ: ជនសង្ស័យម្នាក់ ក្រោយពីចូលទៅលួចទ្រព្យសម្បត្តិ គ្រឿងអលង្ការ លុយ ក្នុងផ្ទះវីឡាមួយកន្លែង បានសម្រេចហើយ ជួបសំណាងអាក្រក់ ម្ចាស់មកទាន់ ចាប់ខ្លួនប្រគល់ឲ្យប៉ូលិស កាលពីវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅវីឡាមួយកន្លែងលេខ ១៣៣ តាមផ្លូវបេតុង អង្គតាមិញ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យខាងលើ ឈ្មោះ ធី ខ្មៅ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិ៩ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ។ ចំណែកម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ ញ៉ែម មេត្រី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ វិស្វករសំណង់ រស់នៅផ្ទះកើតហេតុ ។

តាមប្រភពពីម្ចាស់ផ្ទះ បានឲ្យដឹងថា មុនកើតហេតុ ខណ:ដែលជាប់រវល់ ការងារ នៅជ្រុងម្ខាងផ្ទះ លុះដើរចូលក្នុងផ្ទះ ស្រាប់តែប្រទះឃើញជនសង្ស័យ ក៏ស្រែកឆោឡោ ចាប់បានភ្លាមៗ រកឃើញ គ្រឿងអលង្ការ លុយកាក់របស់ខ្លួនដែលដាក់នៅក្នុងបន្ទប់ មកនៅខ្លួនជនសង្ស័យទៅវិញ ។

តាមចម្លើយសារភាពជនសង្ស័យវិញ បានឲ្យដឹងថា រូបគេ បានឆ្លៀតឱកាស ចូលក្នុងវិឡាខាងលើ តាំងពីម៉ោង៨និង៣០នាទីព្រឹក មកម្ល៉េះ តែរកផ្លូវចេញមិនទាន់ ទើបសំងំសិនទៅ រហូតដល់ម្ចាស់មកទាន់ស្រែកឆោឡោ ចាប់ខ្លួនតែម្តង។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ១ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌ ចំណែកឯទ្រព្យសម្បត្តិ សមត្ថកិច្ចប្រគល់ជូនម្ចាស់វិញ៕

មតិយោបល់