ភ្នំពេញ: យុវជនម្នាក់បានបែកក្បាលស្លាប់គួរឲ្យរន្ធត់ និង២នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងបោះពួយយ៉ាងលឿន ទៅបុករថយន្តស៊េរីទំនើបមួយគ្រឿង កំពុងតែបត់ឆ្លងពេញទំហឹង។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១០ និង៤០នាទីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះ មិនត្រូវស្គាល់អត្តសញ្ញាណនោះទេ។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ យុវជនបីនាក់ ជិះម៉ូតូ១គ្រឿង ម៉ាកឌ្រីមសង់០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1E-6698 ធ្វើដំណើរពីលិចទៅកើតបញ្ច្រាសគ្នា ក្នុងល្បឿនយ៉ាងលឿន មកដល់ចំណុចកើត បានជ្រុលទៅបុករថយន្តឡង់ គ្រីស័រស៊េរីទំនើបពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY2737 កំពុងបត់ឆ្វេងឆ្លងផ្លូវពេញទំហឹង បណ្ដាលឲ្យបោកក្បាលស្លាប់ភ្លាមៗ និង២នាក់ទៀតរងរបួសធ្ងន់ ចំណែករថយន្ត និងម៉ូតូរងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ទាក់ទងជំនាញវាស់វែង យករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់។
សូមបញ្ជាក់៖ ករណីនេះ ភ្នាក់ងារសារព័ត៌មាន Post News សង្កេតឃើញតំណាងខាងរថយន្ត មកកន្លែងកើតហេតុប្រាប់សមត្ថកិច្ចថា គាត់ត្រូវជាបងប្រុសអ្នកបើករថយន្ត ហើយបានទាក់ទងអន្តរាគមន៍ ទៅជំនួយការអ្នកធំម្នាក់ ប៉ុន្តែមិនដឹងថានៅស្ថាប័នណាទេ ហើយជំនួយការនោះ ក៏បានជួបនិយាយទូរស័ព្ទ ជាមួយអនុផ្នែកចរាចរណ៍ក្រុងម្នាក់ នៅកន្លែងកើតហេតុ (មិនដឹងនិយាយពីរឿងអ្វីទេ)៕
មតិយោបល់