ភ្នំពេញៈ សមាជិកបណ្ឌិតសភាទេសចរណ៍អឺរ៉ុប បានប្រជុំគ្នាសម្រេចបោះឆ្នោតជ្រើសតាំងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាសមាជិកកិត្តិយសនៃបណ្ឌិតសភាទេសចរណ៍អឺរ៉ុប នឹងបំពាក់មេដាយ ជាសមាជិកកិត្តិយសនៃបណ្ឌិតសភាទេសចរណ៍អឺរ៉ុប (Honorary Member of European Tourism Acadey) ជាផ្លូវការជូនសម្តេច នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ខាងមុខនេះ។
ស្របពេលកម្ពុជាទទួលបានជោគជ័យក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ និងមានការទទួលស្គាល់ គាំទ្រពីបណ្តាប្រទេសនៅលើពិភពលោក នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ខាងមុខនេះ នឹងមានពិធីប្រគល់ពានរង្វាន់ “កម្ពុជាជាគោលដៅទេសចរណ៍ល្អបំផុតលើពិភពលោកឆ្នាំ២០១៦ និងប្រកាសកម្ពុជាជាគោលដៅទេសចរណ៍វប្បធម៌ពេញនិយមក្នុងឆ្នាំ២០១៦” រួមជាមួយនឹងការប្រកាសចលនាប្រលងប្រណាំង “បដិសណ្ឋារកិច្ចល្អ” លើកទី១ ដែលនឹងធ្វើនៅវិមានសន្តិភាពផងដែរ។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានមានប្រសាសន៍នៅរសៀលថ្ងៃទី១៧ ខែមិថុនា នេះថា “ក្រុមអ្នកប្រាជ្ញដែលធ្វើការសិក្សាស្រាវជ្រាវអំពីការដឹកនាំអភិវឌ្ឍន៍វិស័យទេសចរណ៍លើពិភពលោក បានបោះឆ្នោតសម្រេចថា កម្ពុជាជាគោលដៅទេសចរណ៍ល្អបំផុតលើពិភពលោកក្នុងឆ្នាំ២០១៦ (Cambodia-World Best Tourist Destination for 2016) ទន្ទឹមនោះបានប្រកាសកម្ពុជាជាគោលដៅវប្បធម៌ពេញនិយមក្នុងឆ្នាំ២០១៦”។
លោករដ្ឋមន្រ្តីបញ្ជាក់ទៀតថា ការជ្រើសតាំងនេះជាមហាកិត្តិយសដ៏ធំធេងក្រៃលែងរបស់បណ្ឌិតសភាទេសចរណ៍អឺរ៉ុប ដោយសារគេមើលឃើញពីគុណសម្បត្តិ និងស្នាដៃដឹកនាំ ប្រទេសគ្រប់បែបយ៉ាងរបស់សម្តេច ធ្វើឲ្យប្រទេសមានសន្តិភាព នាំមកនូវគោលនយោបាយឈ្នះឈ្នះជាគំរូសម្រាប់ពិភពលោក និងជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសវិស័យទេសចរណ៍ ដែលសម្តេចបានដាក់ចេញគោលនយោបាយមួយសម្រាប់និរន្តរភាព ដោយផ្តើមចេញពីការអភិវឌ្ឍវិស័យទេសចរណ៍ និងវប្បធម៌នៅឆ្នាំ២០១៥ ដែលបានរៀបចំនូវសន្និសីទពិភពលោកស្តីពីទេសចរណ៍ និងវប្បធម៌ដ៏ធំមួយនៅខេត្តសៀមរាប មានសមាជិកជាង១ពាន់នាក់មកពី១០០ប្រទេសចូលរួម និងបានចេញសេចក្តីប្រកាសរួមមួយស្តីពីទេសចរណ៍ និងវប្បធម៌ នេះឡើង។
លោករដ្ឋមន្រ្តីបន្ថែមថា សេចក្តីប្រកាសរួមនោះបានសុះសាយនៅលើពិភពលោកទាំងមូល ហើយសន្ទរកថារបស់សម្តេចតេជោត្រូវបានគេយកទៅពិភាក្សាយ៉ាងលម្អិត និងបានប្រជុំក្នុងក្រុមប្រឹក្សាភិបាលរបស់គេ ពីការដឹកនាំរបស់សម្តេចតេជោជាហូហែរមក ពិសេសការដឹកនាំដ៏ឈ្លាសវៃក្នុងវិស័យទេសចរណ៍រហូតធ្វើឲ្យមានកំណើនគួរឲ្យកត់សម្គាល់នាពេលនេះ ទើបបានគេសម្រេចចិត្តបោះឆ្នោតជ្រើសតាំងសម្តេចជាសមាជិកកិត្តិយសនៃបណ្ឌិតសភាទេសចរណ៍អឺរ៉ុបនេះ។
ទន្ទឹមគ្នានឹងការប្រគល់ពានរង្វាន់ ការប្រកាសទទួលស្គាល់ថា កម្ពុជាជាគោលដៅទេសចរណ៍ល្អបំផុតលើពិភពលោកឆ្នាំ២០១៦ និងជាគោលដៅទេចរណ៍វប្បធម៌ពេញនិយមឆ្នាំ២០១៦នេះ ក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប គេបានធ្វើនៅលើបណ្តាប្រទេសជាច្រើននៅលើពិភពលោក ហើយប្រទេសទាំងនោះ មានប្រធានាធិបតេយ្យ និងនាយករដ្ឋមន្រ្តី ទទួលមេដាយនេះ និងបានធ្វើប្រកាសរួមទទួលស្គាល់ប្រទេសទាំងនោះ ហើយគោលដៅទេសចរណ៍អឺរ៉ុបក៏បានទៅកាន់ប្រទេសទាំងនោះយ៉ាងច្រើន។
លោករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា កាលណាក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុបនេះ គេបានប្រកាសទទួលស្គាល់ប្រទេសណាហើយ គោលដៅទេសចរណ៍អឺរ៉ុបគេបានជឿជាក់ ហើយកន្លែងនោះនឹងក្លាយទៅជាគោលដៅទេសចរណ៍ ដូចជា ស៊ីមបាវ៉េ សំប៊ួរ និងឡាវ ជាដើម ដែលទទួលបានទេសចរណ៍អឺរ៉ុបជាច្រើនក្នុង១ឆ្នាំៗ។ សម្រាប់កម្ពុជាក៏ដូច្នេះដែរ ក្រោយពេលប្រកាសរបស់ក្រុមប្រឹក្សានេះរួចហើយ នឹងមានលំហូទេសចរពីអឺរ៉ុបកាន់កម្ពុជាកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ៕
មតិយោបល់