កណ្ដាលៈ កាលពីវេលាម៉ោង ៣ និង០០នាទីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ មានករណីគំរាមកំហែងហែកកេរ្ដិ៍ ស្ថិតនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ ស.វ.ន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ដែលមានទីលំនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់ សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរ មេផ្ទះ។ ជនសង្ស័យឈ្មោះ មាស ចំរើន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិត្រយូងពង ឃុំជើងព្រៃ ស្រុកបាឆាយ ខេត្តកំពង់ចាម (ឃាត់ខ្លួន) ដែលប្រើអាខោន Facebook ៖
១.ឈ្មោះ ចង់បានប្ដីណាស់
២.ឈ្មោះ ចំរើន ស៊ីណា
៣.ឈ្មោះ ទឹក ហូរមិនហត់
វត្ថុតាងចាប់យក៖ ទូរស័ព្ទដៃ ១គ្រឿង ម៉ាកSAMSUNG (Galaxy Grand MaX) ។
ដំណើររឿង៖ កាលពីខែកុម្ភៈ ឆ្នាំ២០១៩ ជនរងគ្រោះ បានបើក Facebook លេងស្រាប់តែមានអាខោន Facebook ឈ្មោះ ទឹកហូរមិនហត់ បានអេដ មកជនរងគ្រោះ ហើយម្ចាស់អាខោននោះ បានឆាតមកនិយាយគ្នាលេង បានប្រហែលជាមួយខែក្រោយមក ឈ្មោះ មាស ចំរើន ( Facebook ទឹកហូរមិន ហត់ ប្តូរឈ្មោះ ទៅដាក់ឈ្មោះ ចំរើន ស៊ីណា បានសុំស្រឡាញ់ជនរងគ្រោះ ហើយជនរងគ្រោះ បាននិយាយថា បើស្រឡាញ់មកជួបសិនមក ចាំស្រឡាញ់គ្នា។
បន្ទាប់មកនៅខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៧.០០នាទី ឈ្មោះ មាស ចំរើន បានមកជួបជនរងគ្រោះ នៅចំណុចរង្វង់មូលតាខ្មៅ ហើយជនរងគ្រោះ បានជូនឈ្មោះនេះ ទៅដេកផ្ទះសំណាក់តែម្នាក់ឯងទេ។
លុះព្រឹកឡើងជនរងគ្រោះ បាននាំឈ្មោះ មាស ចំរើនទៅលេងបងប្រុស នៅស្រុកកោះធំ បានចំនួន៥ថ្ងៃ រួចជនរងគ្រោះ ក៏បានដេកនៅជាមួយឈ្មោះ មាស ចំរើន ដូចប្តីប្រពន្ធជារៀងរហូត ប៉ុន្តែនៅពេលដេកនៅជាមួយគ្នា ឈ្មោះ មាស ចំរើន តែងតែលួចថតរូបភាព អាសអាភាស ជនរងគ្រោះដេក ដោយមិនឲ្យជនរងគ្រោះ ដឹងខ្លួនឡើយ។
ក្រោយមកទើបដឹងថា ឈ្មោះ មាស ចំរើន មានប្រពន្ធកូនហើយ ទើបជនរងគ្រោះ បានសុំផ្តាច់ទំនាក់ទំនងជាមួយ ប៉ុន្តែឈ្មោះ មាស ចំរើន នៅតែតាមទំនាក់ទំនងជនរងគ្រោះ ថែមទាំងប្រើពាក្យសម្តី គំរាមកំហែងបង្ហោះរូបអាសអាភាស (រូបភាពដែលឈ្មោះ មាស ចំរើន បានលួចថត) ហើយបានឆាតទៅឲ្យហ្រ្វេននៅក្នុង Facebook និងផ្ញើរូបភាពទាំងនោះ ឲ្យពួកគេមើលថែមទៀតផង។
នៅចំពោះមុខសមត្ថកិច្ចឈ្មោះ មាស ចំរើន បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើដូចរៀបរាប់ខាងលើពិតប្រាកដមែន ពីព្រោះខ្លួនចង់ឲ្យជនរងគ្រោះ ខ្មាស់គេ ហើយមកទំនាក់ទំនងជាមួយខ្លួនវិញ ។
ករណីនេះការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់