ភ្នំពេញៈ កាលពីវេលាម៉ោង ២និង០៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ មានករណីជនសង្ស័យ ២នាក់ ឆក់ទូរស័ព្ទដៃ តាមបណ្តោយផ្លូវលេខ១០៩ កែងផ្លូវលេខ៨១ នៅចំណុចមុខវិទ្យាល័យវត្តកោះ ស្ថិតនៅក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។
ជនសង្ស័យទី១មានឈ្មោះ ជី ម៉ាប់ អាយុ ២៥ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិកណ្តាល សង្កាត់ដង្កោ ខណ្ឌដង្កោ មានស្រុកកំណើតនៅ ភូមិព្រៃកប្បាស ឃុំត្រពាំងស្វាយ ស្រុកព្រៃកប្បាស ខេត្តតាកែវ និងទី២មានឈ្មោះ លី សម្បត្តិ ភេទប្រុស អាយុ ២៩ឆ្នាំ ស្នាក់នៅសង្កាត់បឹងទំពុង ខណ្ឌចំការមន។
ដំណើររឿង៖ មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះម្នាក់ជាជនជាតិបរទេសកំពុងតែឈរចុចទូរស័ព្ទដៃ នៅលើផ្លូវលេខ៦៣ ខណៈដែលកំពុងតែកាន់ចុចក៏មានជនសង្ស័យចំនួន ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា ឃ្លីកពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Z-0122 ធ្វើដំណើរពីត្បូងទៅជើង រួចធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនជាតិបរទេស បានសម្រេច ហើយរត់គេចខ្លួនចៃដន្យភ្លាមៗ នោះក៏មានបុរសម្នាក់បើករថយន្តតូយ៉ូតាព្រូសមួយគ្រឿង ឃើញហេតុការណ៍ និងសកម្មភាពឆក់ទើបជួយបើករថយន្ត ដេញតាមជនសង្ស័យក្របួចជាប់ទាំង ២នាក់ ប្រគល់ឲ្យសមត្ថកិច្ច តែជនសង្ស័យត្រូវបានប្រជាពលរដ្ឋនាំគ្នាវាយមួយដៃមួយជើងទ្រោមខ្លួន។
ក្រោយកើតហេតុសមត្ថកិច្ចខាងប៉ុស្តិ៍បឹងកេងកង១ ខណ្ឌចំការមន ក៏ដឹកយកទៅសួរនាំតាមនីតិវិធីច្បាប់៕
មតិយោបល់