ព័ត៌មានជាតិ

​លោក​ប្រធានាធិបតី​ Joe​ Biden​ និយាយថា បើសិនជា​មាន​ប្រជាជន​អា​មេ​រិ​ក​ស្ថិត​នៅ​ ទីនោះ​នៅឡើយ​ យើង​នឹង​នៅ​បន្ត​រហូត​ដល់​យើង​ជម្លៀស​ពួក​គេ​ចេញ​អស់

(Reuters)​ -​ កាលពី​ថ្ងៃ​ពុធ​ លោក​ប្រធានាធិបតី​លោក​ Joe​ Biden​ បាន​និយាយ​ថា​ កងទ័ព​អា​មេ​រិ​ក​អាច​បន្ត​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ ដើម្បី​ជម្លៀស​ជនជាតិ​អា​មេ​រិ​ក​នៅ​មុន​ថ្ងៃ​កំណត់​ ទី​៣១​ ខែសីហា​ និង​មន្ទីរ​បញ្ច​កោណ​បាន​និយាយ​ថា​ នៅ​ពេល​បច្ចុប្បន្ន​នេះ​ យោធា​សហរដ្ឋអាមេរិក​មិន​មាន​សមត្ថភាព​ដើម្បី​ជួយ​ប្រជាជន​ដែល​ស្ថិត​នៅ​ក្រៅ​អាកាសយានដ្ឋាន​ទីក្រុង​ Kabul​ បាន​ឡើយ​ ។​

​លោក​ប្រធានាធិបតី​ Biden​ បាន​ប្រាប់​សារព័ត៌មាន​ ABC​ ថា​ “​បើសិនជា​មាន​ប្រជាជន​អា​មេ​រិ​ក​ស្ថិត​នៅ​ ទីនោះ​នៅឡើយ​ យើង​នឹង​នៅ​បន្ត​រហូត​ដល់​យើង​ជម្លៀស​ពួក​គេ​ចេញ​អស់​”​ នៅ​ក្នុង​បទ​សម្ភាសន៍​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ដែល​សមាជិក​សភា​អា​មេ​រិ​ក​ជា​ច្រើន​នាក់​បាន​ដាក់​សម្ពាធ​ឲ្យ​រូប​លោក​ពន្យារ​ថ្ងៃ​ដកទ័ព​ចេញ​ទាំងស្រុង​។​

​លោក​ប្រធានាធិបតី​ Biden​ បាន​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ដំណោះស្រាយ​កា​រដក​កងទ័ព​របស់​លោក​ ដែល​បណ្តាល​ឲ្យ​ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ ប្រទេស​អា​ហ្គា​ហ្វ​នី​ស្ថាន​ត្រូវ​បាន​គ្របដណ្តប់​ដោយ​ភាព​វឹកវរ​ទាំង​នៅ​ក្នុង​ និង​ជុំវិញ​អាកាសយានដ្ឋាន​ទីក្រុង​ Kabul​ ដោយ​មាន​មនុស្ស​ជា​ច្រើន​នាក់​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​ចាក​ចេញពី​ប្រទេស​នេះ​។​

​លោក​ប្រធានាធិបតី​ Biden​ បានការ​ពារ​ការ​សម្រេចចិត្ត​របស់​លោក​ ដោយ​និយាយ​ថា​ បញ្ហា​ទាំងនេះ​គឺ​ជៀស​មិន​រួច​ទេ​ក្នុង​ការ​បញ្ចប់​ការ​ចូលរួម​របស់​សហរដ្ឋអាមេរិក​អស់​រយៈពេល​ ២០​ឆ្នាំ​នៅ​ទីនោះ​កន្លង​មកនេះ​។​

​លោក​បាន​និយាយ​ថា​ ខ្ញុំ​មិនដឹង​ថា​តើ​“​ គំនិត​ដែល​គិត​ថា​មាន​មធ្យោបាយ​ដើម្បី​ចាកចេញ​ដោយ​គ្មាន​ភាព​វឹកវរ​កើតឡើង​នោះ​”​ អាច​ធ្វើ​ឡើង​យ៉ាងដូចម្តេច​នោះ​ទេ​។​

​លោក​ក៏​បាន​និយាយ​ផង​ដែរ​ថា​ ក្រុម​តា​លី​បង់​កំពុង​សហការ​ក្នុង​ពេល​នេះ​ ដើម្បី​ជួយ​ជម្លៀស​ជនជាតិ​អា​មេ​រិ​ក​ជា​ច្រើន​នាក់​ចេញពី​ប្រទេស​នេះ​ ប៉ុន្តែ​ “​យើង​កំពុង​ជួប​ការ​លំបាក​មួយ​ចំនួន​”​ ក្នុង​ការ​ជម្លៀស​ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​មាន​សម្ព័ន្ធភាព​ជាមួយ​សហរដ្ឋអាមេរិក​។​

​កងកម្លាំង​តា​លី​បង់​វាយ​ដណ្តើម​យក​អា​ហ្វ​ហ្គា​នី​ស្ថាន​វិញ​បាន​យ៉ាង​ឆាប់រហ័ស​ ខណៈ​ដែល​កម្លាំង​សហរដ្ឋអាមេរិក​ និង​បរទេស​ដទៃ​ទៀត​ដកខ្លួន​ចេញពី​ប្រទេស​នេះ​ ដែល​នាំ​ឲ្យ​មាន​ភាព​ចលាចល​នៅ​ក្នុង​អាកាសយានដ្ឋាន​ ដោយ​ក្រុម​មន្ត្រី​ការទូត​ ពលរដ្ឋ​បរទេស​ និង​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ព្យាយាម​ភៀសខ្លួន​ចេញ​ ប៉ុន្តែ​ពួក​គេ​ត្រូវ​បាន​រារាំង​ដោយសារ​តែ​មនុស្ស​ច្រើន​ និង​ប៉ុស្តិ៍​ត្រួតពិនិត្យ​របស់​ក្រុម​តា​លី​បង់​ ៕

មតិយោបល់