សៀមរាប: នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចក និងកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ ដឹកនាំដោយលោក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរនបាលក្រុងសៀមរាប បានបើកការស្រាវជ្រាវ តាមនីតិវិធីជំនាញ នៅបរិវេណកន្លែងកើតហេតុ រហូតឈានដល់ការកំណត់ មុខសញ្ញាជនសង្ស័យម្នាក់ ដែលបានប្រព្រឹត្តបទល្មើស យកកាំបិត ខ្វែវ ជិះម៉ូតូដេញកាប់ និងបំផ្លាញទ្រព្យអ្នកដ៏ទៃដោយចេតនា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៦និង៣០នាទី នៅតាមបណ្តោយផ្លូវទៅ អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប ស្ថិតក្នុងភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប។
ជនរងគ្រោះឈ្មោះ ព្រឿន ប្រុញ ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិឃុនមោក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងបក្ខពួកបានបើកម៉ូតូ ហុងដាឌ្រីម ស៊េរី២០១៩ ពណ៌ខ្មៅ មកពីលេងបារាយណ៍ ហើយក៏ឈប់នៅក្បែរព្រលានយន្តហោះ នាំគ្នាថតលេង ស្រាប់តែមានជនសង្ស័យពីរនាក់ បានជិះម៉ូតូហួសក្រុមខ្លួន រួចបត់មកចូលក្នុងព្រៃក្បែរកន្លែងខ្លួនកំពុងឈរថត ហើយចេញមកវិញយកកាំបិត ខ្វែវ កាន់ជិះម៉ូតូដេញកាប់ ជនរងគ្រោះ បានបើកម៉ូតូគេច មកដល់ចំណុចផ្លូវធំខាងកើតរូបសំណាកតាយាយ ក៏ឈប់ម៉ូតូចុះរត់ ជនសង្ស័យបានកាប់បំផ្លាញម៉ូតូជនរងគ្រោះ បន្ទាប់មកជនសង្ស័យ និងបក្ខពួកបានឡើងម៉ូតូជិះម៉ូតូគេចខ្លួន។
ជនសង្ស័យ ឈ្មោះជា ខាវ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅបច្ចុប្បន្ននៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប មកធ្វើការសួរនាំ ។
លុះមកដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ០៩និង៥០នាទីព្រឹក យោងតាមការឆ្លើយដាក់បន្ទុក របស់ជនសង្ស័យទី០១ នគរបាលព្រហ្មទណ្ឌក្រុងសៀមរាប បានបន្តនាំខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ ហ៊ាន សីហា ហៅចាក់ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន នៅភូមិគោកតាចាន់ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប មកសាកសួរបន្តតាមនីតិវិធីជំនាញ ជនសង្ស័យរូបនេះបានឆ្លើយសារភាពថា រូបគេ និងបក្ខពួកខាងលើពិតជាបានធ្វើសកម្មភាព កាប់ទៅលើម៉ូតូរបស់ជនរងគ្រោះខាងលើពិតប្រាកដកមែន។
យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងចម្លើយសារភាព ជនសង្ស័យ ត្រូវបាននគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់