កំពង់ស្ពឺៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ៥រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៤និង១៥នាទី នៅលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រ លេខ (៣២-៣៣) ត្រង់ចំណុចភូមិតាំងរបង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បណ្តាលឲ្យមនុស្សចំនួន០២នាក់រងរបួសធ្ងន់ ។
មន្ត្រីនគរបាលខេត្តបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្ត០១គ្រឿង ម៉ាកTACOMA ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ពាក់ផ្លាកលេខ ភ្នំពេញ 2BI-8973 បើកបរដោយឈ្មោះ LY KAN ភេទប្រុស អាយុ៣២ឆ្នាំ (ជាជនជាតិចិន) ស្នាក់នៅភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ (ការដ្ឋានថ្មអា) និងអ្នករួមដំណើរឈ្មោះ សឿន រស្មី ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិឡាក់ហុកពីរ ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង បើកបរពីទិសខាងកើតទៅទិសខាងលិច លុះមកដល់ចំណុចខាងលើ បានបត់ឆ្វេងចូល ចំណែកផ្លូវម្ខាងទៀត បុកម៉ូតូ០១គ្រឿង ម៉ាកHONDA DREAM C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ កំពង់ស្ពឺ 1R-5693 បើកបរដោយឈ្មោះ វ៉េត ធារ៉ា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិអូរគគី ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឌុបឈ្មោះ ភាព និត ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិព្រៃធំ ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលកំពុងតែបើកបរបញ្ច្រាសទិសគ្នា បណ្ដាលអោយឈ្មោះ វ៉េត ធារ៉ា និងឈ្មោះ ភាព និត រងរបួសធ្ងន់ ។
ក្រោយពេលគ្រោះថ្នាក់ អ្នកបើកបររថយន្ដ បានចុះរត់គេចខ្លួន ។ ជនរងគ្រោះទាំងពីរនាក់ ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះ នៅមន្ទីពេទ្យខេត្តកំពង់ស្ពឺ ។ ចំពោះវត្ថុតាងទាំង០២គ្រឿង បានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីចាត់ការតាមនិតិវិធី ៕
មតិយោបល់