ព័ត៌មានជាតិ

Update៖ ផ្ទះជនជាតិខ្មែរអ៊ីស្លាម ២នាក់បងប្អូន ត្រូវអគ្គិភ័យឆាបឆេះទាំងស្រុង អស់ចំនួន ២ខ្នង

ភ្នំពេញ: លំនៅឋានជនជាតិ ខ្មែរអ៊ីស្លាម ចំនួន ២ខ្នង ត្រូវបានអគ្គិភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យរងការខូចខាតទាំងស្រុង និងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ រថយន្ត ពន្លត់អគ្គិភ័យ ជាច្រើនគ្រឿងទៅអន្តរាគមន៍។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ១២ ថ្ងៃត្រង់ទី ១២ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងភូមិទី៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ផ្ទះដែលត្រូវភ្លើងឆេះ ធ្វើពីថ្មក្រោម ឈើលើ ប្រក់ក្បឿង មួយខ្នងមាន ទំហំ ប្រវែង៦ម៉ែត្រគុណ១៤ម៉ែត្រ ដែលមានម្ចាស់ឈ្មោះ រូន យ៉ា ភេទប្រុស អាយុ ៧៤ឆ្នាំ និងមួយខ្នងទៀត មានទំហំដូចគ្នា ដែលមានម្ចាស់ឈ្មោះ រូន ម៉ាត់ ភេទប្រុស អាយុ ៥៥ឆ្នាំ ដែល ជាជនជាតិខ្មែរអ៊ីស្លាមជាបងប្អូននិងគ្នា ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ ភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើដល់អាជ្ញាធរ និងសមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គិភ័យ ទៅអន្តរាគមន៍ ។ ទោះជាយ៉ាងណា ផ្ទះចំនួន ២ខ្នង ដែលមានម្ចាស់ ២នាក់បងប្អូន ត្រូវភ្លើង ឆេះរងការខូចខាតទាំងស្រុង ។

តាមនគរបាលឱ្យដឹងថា នៅក្នុងហេតុការណ៍ រថយន្តពន្លត់អគ្គិភ័យ ចំនួន ៦គ្រឿងទៅអន្តរាគមន៍ ក្នុងនោះ មានរថយន្ត របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ៥គ្រឿង និងរថយន្ត របស់សាលាខណ្ឌឬស្សីកែវ ចំនួន ១គ្រឿង បានទៅបាញ់ពន្លត់ហើយ ភ្លើងបានរលត់ទៅវិញនៅវេលាម៉ោង១២និង៣០នាទី។ ទាក់ទិនការកើតមានអគ្គិភ័យ នេះ នគរបាលឱ្យដឹងថា បណ្តាលមកពីទុស្សេខ្សែភ្លើង៕

មតិយោបល់