ព័ត៌មានជាតិ

ផឹកស៊ីសុខៗ ទាស់សម្ដីគ្នា បងថ្លៃប្អូនថ្លៃ បើកឆាកប្រយុទ្ធគ្នា ផ្អើលទាំងយប់

កណ្ដាលៈ កាលពីវេលាម៉ោង ៧ និង០០ នាទីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុច ភូមិពោធិមង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល មានករណីហិង្សាដោយចេតនា។

ជនរងគ្រោះឈ្មោះ ហ៊ាន សៀងហ័ន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ កម្មករ ទីលំនៅភូមិពោធិមង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។ ជនសង្ស័យឈ្មោះ សុខ ផែន ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករទីលំនៅភូមិឃុំជាមួយគ្នា។

វត្ថុតាងចាប់យក៖
-អង្រែឈើមូល សម្រាប់បុកគ្រឿង ០១ ប្រវែង០.២១ម៉ែត្រ ។

ដំណើររឿង៖ នៅវេលាថ្ងៃកើតហេតុ ជនសង្ស័យ បានទៅទិញស្រាថ្នាំចំនួន ០១លីត្រ យកមកផឹកជាមួយឈ្មោះ ឆាត ភេទប្រុស អាយុប្រហែល២៦ឆ្នាំ ត្រូវប្អូនថ្លៃ នៅលើគ្រែក្រោមផ្ទះឪពុកក្មេករបស់ខ្លួនឈ្មោះ សំ ហ៊ាន។ ក្នុងពេលនោះ ជនរងគ្រោះឈ្មោះ ហ៊ាន សៀងហ័ន ត្រូវជាប្អូនថ្លៃ ក៏បានអង្គុយលេងនៅលើគ្រែ ជាមួយគ្នាផងដែរ ខណៈ
នៅពេលផឹកស្រានោះ ជនសង្ស័យបានមើលមុខជនរងគ្រោះ ហើយជនរងគ្រោះ ក៏បានសួរទៅជនសង្ស័យថា៖ ម្តេចក៏មើលមុខអញម្ល៉េះ? ភ្លាមនោះជនសង្ស័យ បានឆ្លើយតបវិញថា៖ ម្តេចមើលមុខអត់បានមែន មុខដាំពេជ្រមែន? បន្ទាប់មកទៀត ជនសង្ស័យ និងជនរងគ្រោះ ទាស់ពាក្យសម្តីគ្នា រហូតឈានដល់ការប្រតាយប្រតប់គ្នាទៅវិញទៅមក ដោយជនសង្ស័យ បានយក អង្រែបុកគ្រឿង ដែលទុកនៅលើគ្រែ មកកាន់វាយទៅលើជនរងគ្រោះ ចំចញ្ចើមភ្នែកខាងស្តាំចំនួន០១អង្រែ និងវាយក្បាលព្រមទាំងយកអង្រែ ទៅបុកមាត់ជនរងគ្រោះ បណ្តាលឲ្យមានរបួស ។

ក្រោយមកទៀតឪពុកក្មេក និងប្រពន្ធជនរងគ្រោះ បានមកជួយឃាត់ ទើបមានការស្ងាត់ស្ងៀម។ លុះដល់ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៩ វេលាម៉ោង ២ និង៣០នាទីរសៀល ទើបជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងទៅលើជនសង្ស័យ អំពីករណីខាងលើ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាទែន។

បន្ទាប់ពីទទួលពាក្យបណ្តឹងរួច កម្លាំងប៉ុស្តិ៍បានសហការជាមួយកម្លាំងជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីកសាងសំណុំ រឿងបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់