យោងតាមប្រភពព័ត៌មាន Phnompen បានចុះបង្ហាញកាលពីព្រឹកថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១២កន្លងទៅនេះបានឲ្យដឹងថាសាលារាជធានីភ្នំពេញបានរៀបចំកិច្ចប្រជុំពិភក្សាស្តីពី “គម្រោង រៀបចំតំបន់ទេសចរណ៍ថ្មើរជើងកម្សាន្តនាពេលចុងសប្តាហ៍ក្នុងរាជធានីភ្នំពេញ” ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងមានការចូលរួមពី តំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួនទៀត ។
មានប្រសាសន៍នាឱកាសនោះឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា គម្រោង បង្កើតតំបន់ទេសចរណ៍ថ្មើរជើងនេះ គឺជាគម្រោងការថ្មីមួយដែល សាលារាជធានីភ្នំពេញ សហការសិក្សាជាមួយ ក្រសួងទេសចរណ៍ អស់រយៈពេលជាង ០២ ឆ្នាំមកហើយដោយបានឯកភាពគ្នាយកចំណុចខាងមុខទីតាំង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាតំបន់ទេសចរណ៍ថ្មើរជើងដោយសារនៅទីនោះមានសំណង់បេតិកភណ្ឌ ដែលជាស្ថាបត្យកម្មប្រវត្តិសាស្ត្រផងនោះ អាចធ្វើការទាក់ទាញភ្ញៀវទេសចរណ៍ឲ្យចូលមកកំសាន្តបាន និងបាន បញ្ជៀសមិនឱ្យមានភ្ញៀវទេសចរណ៍នៅកកកុញតែមួយកន្លែងៗ ហើយភ្ញៀវទាំងនោះអាចបន្តទស្សនាជាបន្តបន្ទាប់ទៅ រមណីយដ្ឋានវត្តភ្នំ រហូតដល់ ព្រះបរមរាជវាំង ។ ឯកឧត្តមអភិបាល ក៍បានលើកឡើងពីគម្រោងរៀបចំចំណត យានយន្តនៅក្បែរទីតាំងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឲ្យមានរបៀបរៀបរយផងដែរ និងការរៀបចំអភិរក្សរាល់សំណង់ស្ថាបត្យកម្មប្រវត្តិសាស្ត្រឲ្យបានគង់វង់ ពិសេស រាល់ការសាងសង់សំណង់ថ្មីត្រូវតែសុំការអនុញ្ញាត និងត្រួតពិនិត្យពី សាលារាជធានីភ្នំពេញ ជាមុនសិន ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏មានប្រសាសន៍អំពី ការអនុវត្តជា លើកដំបូងនូវតំបន់ទេសចរណ៍ថ្មើរជើងនេះ គឺនៅពេលរាត្រីនាចុងសប្តាហ៍ និង ថ្ងៃបុណ្យ រីឯការបិទផ្លូវវិញត្រូវធ្វើ ឡើងចាប់ពីម៉ោង៦ល្ងាច ហើយ គម្រោងនេះនឹងចាប់ផ្តើមអនុវត្តនៅដើមឆ្នាំ ២០១៣ នាពេលខាងមុខនេះ៕




ប្រភពៈPhnompenh
មតិយោបល់