ព័ត៌មានជាតិ

ទំនាក់ទំនង​ស្នេហាជាមួយនារីម្នាក់ ​ប្រ​ហែ​​ល​មួយ​ឆ្នាំ ​ខ្ចី​ម៉ូតូនាងជិះមួយភ្លែតទៅបាត់រហូត ត្រូវសមត្ថកិច្ចឃាត់ខ្លួន ​

​កណ្ដាលៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យុវជន​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​ស្អាង​ឃាត់ខ្លួន​ ករណី​រំលោភ​លើ​ទំនុកចិត្ត​ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​១​ ខែកក្កដា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១៤​និង​០០​នាទី​ នៅ​ចំណុច​ ភូមិ​ត្រពាំង​ឈូក​ ឃុំ​ព្រែក​គយ​ ស្រុក​ស្អាង​ ខេត្តកណ្តាល​ ។​

​នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ រ៉ា​ ចាន់​ធុ​ល​ ភេទ​ស្រី​ អាយុ​២៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ កម្ម​ការ​នី​រោងចក្រ​ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ឈូក​ ឃុំ​ព្រែក​គយ​ ស្រុក​ស្អាង​ ខេត្តកណ្តាល​​ ។​ ចំណែក​ជនសង្ស័យ​ឈ្មោះ​ ម៉េ​ត​ វ៉ា​ន់​ដា​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ លក់ដូរ​ មាន​ទីលំនៅ​ភូមិ​ថ្មី​ ​សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​៦​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៥​និង​០០​នាទី​ ។​

​ប្រភព​ដដែល​បន្ត​ថា​ កន្លង​មក​ជនសង្ស័យ​ និង​ជន​រង​គ្រោះ​ ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា​រយៈពេល​ប្រ​ហែ​​ល​មួយ​ឆ្នាំ​មក​ហើយ​ ចាប់តាំងពី​ចុងឆ្នាំ​២០១៩​មក​ម្ល៉េះ​ ។​ រហូត​ដល់​ថ្ងៃ​ទី​១​ ខែកក្កដា​ ឆ្នាំ​២០២០​ ជនសង្ស័យ​បាន​ខ្ចី​ម៉ូតូ​របស់​ជន​រង​គ្រោះ​ ដោយ​និយាយ​ថា​ អត់​មានអី​ជិះ​ ហើយ​ចាំ​យក​មក​ឲ្យ​នារី​រង​គ្រោះ​វិញ​ ។​

​ប្រភព​ដដែល​បន្ត​ថា​ បន្ទាប់​ពី​បាន​ម៉ូតូ​ហើយ​ ជនសង្ស័យ​ជិះ​ទៅ​បាត់​តែ​ម្ដង​ ដោយ​មិន​ប្រគល់​ម៉ូតូ​ឲ្យ​នារី​រង​គ្រោះ​វិញ​ទេ​ ហើយ​នារី​រង​គ្រោះ​បាន​ខំព្យាយាម​ និង​លួងលោម​យ៉ាងណា​ ក៏​ជនសង្ស័យ​មិន​ព្រម​ប្រគល់​ឲ្យ​ដែរ​ ។​ រហូត​មក​ដល់​ថ្ងៃ​ទី​៦​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ប្រហែលជា​១៥​និង​០០​នាទី​ ជនសង្ស័យ​ បាន​មក​ស្រុក​ស្អាង​ ដើម្បី​មក​ជួប​ជា​​មួយ​ជន​រង​គ្រោះ​ ក៏​ត្រូវ​បាន​ជន​រង​គ្រោះ​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​តែ​ម្ដង​ ។​

​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល​ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ ខ្លួន​ពិតជា​បាន​យក​ម៉ូតូ​ ភិនភាគ​ខាងលើ​ពិតប្រាកដ​មែន​។​

​ករណី​នេះ​ កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

មតិយោបល់